កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះមាន ផេកហ្វេសបុក(Page Facebook) និងគេហទំព័រ(Website)ឈ្មោះថា គេហទំព័រ ផែនដីថ្មី PDT-News បានចុះផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់មកលើ អាជ្ញាធរ ថ្នាក់ឃុំ ថ្នាក់ស្រុក និងមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ថាបានឃុបឃិត បើកដៃឲ្យក្រុមហ៊ុនក្នុងការជីកកាយដីនៅភ្នំជីហង្ស ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ២ស្រុកបាណន់ ខេត្តបាត់ដំបង ។ ដោយឡែកករណីក្រុមហ៊ុនជីកកាយយកអាចម៍ដី គឺដើម្បីយកដីសាងសង់ផ្លូវជួនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចំនួន៣ខ្សែ ក្នុងឃុំកន្ទឺ១ សរុបប្រវែង៤០៧០ ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០១៩ ដែលបានដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្តហើយ ។ ម្យ៉ាងវិញទៀតចំពោះក្រុមហ៊ុន ក្រុមការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តបានចុះសួរនាំ និងពិនិត្យឃើញថា ការកាយយកអាចម៍ដីនេះគឺមានទិសដៅជួសជុល និងធ្វើផ្លូវក្នុងគម្រោងមូលនិធិឃុំតែប៉ុណ្ណោះ ពុំមានការដឹកលក់ដូចការចោទប្រកាន់របស់សារព័ត៌មាននោះឡើយ ។
អាស្រ័យហេតុនេះ សូមសាធារណជនកុំមានការយល់ច្រលំ ចំពោះការផ្សាយព័ត៌មានមិនពិតនេះ។ សូមអរគុណ !!