ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ត្រីរាជការជុំវិញខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តព្រមទាំងកងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត បានអញ្ជើញក្រាបបង្គំទូលថ្វាយព្រះពរជ័យសិរីមង្គលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយទ្រទ្រង់តាមថែរក្សាការពារ និងអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ គ្រប់ប្រការថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។