រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សូមសម្តែងនូវអំណរសាទររំភើបរីករាយគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»

  • 74
  • ដោយ teavvisal

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមផ្ញើសារជូនពរ និងសូមសម្តែងនូវអំណរសាទររំភើបរីករាយដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តគោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។
សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ដែលត្រូវបានប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងជាការទទួលស្គាល់ចំពោះស្នាដៃដ៏ល្អចំណានរបស់ សម្តេចតេជោ ក្នុងនាមជាថ្នាក់ដឹកនាំ ដែលមានទំនួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ដោយបានយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ ការលះបង់ និងការ ប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុតក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូលឱ្យមានអធិបតេយ្យភាព សុខសន្តិភាពពេញលេញ និងភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ ម្យ៉ាងវិញទៀត ការទទួលបាននូវសញ្ញាបត្របណ្ឌិតកិត្តិយសរបស់ សម្តេចតេជោ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងជាការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់ដ៏ធំធេងដែលមិនអាច កាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ការស្វែងរកសុខសន្តិភាព និងការពារ សុខសន្តិភាពសម្រាប់សង្គមជាតិកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ ព្រមទាំងជាការទទួលស្គាល់ថា សម្តេចតេជោ គឺជាមគ្គុទេសក៍ឯក ដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដោយបានកែប្រែកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម និងភាពក្រីក្រឱ្យក្លាយទៅជាប្រទេសមួយ មានសុខសន្តិភាពពេញបរិបូរណ៍ មានការអភិវឌ្ឍឥតឈប់ឈរ និងមានកិត្យានុភាពស្មើមុខមាត់លើឆាកអន្តរជាតិ។
សាជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ចំពោះស្នាដៃដ៏ធំធេងមួយនេះ ដែលជាមហាកិត្តិយសរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយយើងខ្ញុំទំាងអស់គ្នា សូមលើកហត្ថ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រះឥន្ទ ព្រះព្រហ្ម ទេវតា និងវត្ថុស័ក្តិសិទ្ធិទំាងឡាយក្នុងលោក សូមតាមជួយ អភិបាល ប្រោះព្រំ គាំពារ ថែរក្សា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង