នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ នៅបន្ទប់ B1 (VIP) នៃសាលាខេត្តបាត់ដំបង បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារ រវាង រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី ជាមួយឯកឧត្តម ហ្សាហៀរូឌីន បាបារថាហ៊ីម ( Zaheeruddin Babar Thaheem ) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ។
នៅក្នុងជំនួបសម្តែងការគួរសមនេះផងដែរ ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហ៊ីម ( Zaheeruddin Babar Thaheem ) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានស្វែងយល់បន្ថែម ពីសក្តានុពលរបស់ខេត្តបាត់ដំបង ដ៏ល្អមួយនេះ ។ នេះជាលើកទី១ហើយ ដែលរូបឯកឧត្តម អគ្គរដ្ឋទូតបានឃើញទីតាំងដីកសិកម្ម ដែលមានភោគផលល្អ និងអគារប្រវត្តិសាស្ត្រ ដែលមានវ័យចំណាស់ ដ៏ល្អផូផង់ ។ ហើយប៉ាគីស្ថាន ក៏អាចនឹងជួយប្រទេសកម្ពុជានៅក្នុងចំណុចណាមួយបាន ។ ថ្មីៗនេះដែរ ប្រទេសប៉ាគីស្ថាន និងកម្ពុជា ក៏ទើបតែបានចុះអនុសារណៈយោគយល់ MOU ចូលរួមចំណែកលើកកម្ពស់ទំនាក់ទង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។
ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងឲ្យដឹងថា ៖ ទំនាក់ទំនង រវាងប៉ាគីស្ថាន និងកម្ពុជា កំពុងមានការរីកចម្រើនឡើង ដែលមានប្រជាជនប៉ាគីស្ថានប្រមាណ ៥០០០ ទៅ ៦០០០នាក់ កំពុងរស់នៅទីកន្លែងផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ។ ហើយការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងប៉ាគីស្ថាន ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថ្លែងនូវការស្វាគមន៍ ឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចខេត្តបាត់ដំបង ។ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនផងដែរថា ខេត្តបាត់ដំបងជាខេត្ត ដែលមានសក្ដានុពលខាងវិស័យកសិកម្ម ហើយក៏ជាខេត្តដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា បានកំណត់ជាច្រករបៀង ស្រូវអង្ករ និងមច្ឆា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ ។ មិនតែប៉ុណ្ណោះខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្ត ៣ នៃប្រទេសថៃ មានប្រវែង ១៤៤,៨គីឡូម៉ែត្រ មានច្រកទ្វារអន្តរជាតិ ចំនួន ២ និងច្រកទ្វារតំបន់ចំនួន ៣ ក្នុងការធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរទំនិញផងដែរ ។ ខេត្តបាត់ដំបងមានប្រជាជនជិត មួយលានបួនសែននាក់ ហើយបងប្អូនប្រជាពលរដ្ឋ ភាគច្រើនប្រកបរបរកសិកម្ម ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ៖ ខេត្តបាត់ដំបងគឺជាខេត្តកំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយខេត្តមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង១០០ឆ្នាំ ដែលត្រូវបានថែរក្សា និងអភិរក្ស។ ក្រៅពីនេះក្នុងខេត្ត ក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងតំបន់ទេសចរណ៍កែច្នៃផងដែរ ។ យ៉ាងណាមិញ បញ្ហាស្រូវអង្ករក្នុងខេត្តបាត់ដំបង ក្រៅពីការប្រើប្រាស់ហូបចុក ចំណីសត្វ យើងនៅសល់អង្ករប្រមាណជា ៧៥០ ០០០ តោនក្នុងមួយឆ្នាំ បច្ចុប្បន្ន យើងបាននាំអង្ករចេញទៅក្រៅប្រទេសប្រមាណជា ៣៣ ប្រទេស បានប្រមាណជាង ៣០០ ០០០ តោន ។ ចំពោះការវិនិយោគខាងវិស័យរោងចក្រកែច្នៃ ឡសំងួត និងការកែច្នៃកសិផលនៅមានកំរិត ខាងឧស្សាហកម្ម នៅមានកំរិតតិចតួចនៅឡើយ ។ ដោយខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្ម សព្វថ្ងៃនេះនៅរដូវប្រមូលផលម្តងៗ ផលិតផលកសិកម្ម ជាច្រើននៅក្នុងខេត្តបាត់ដំបង នៅមិនទាន់បានយកមកកែច្នៃឲ្យអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់តម្លៃផងដែរ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ៖ ដោយខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងប្រទេស បានយ៉ាងល្អប្រសើរ ក្នុងការរកឱកាសបណ្តាក់ទុនវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង មិនថាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬវិស័យដឹកជញ្ជូនឡើយ ។ ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនផ្នែក ដោយទាមទារឱ្យអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគផ្នែក កសិ-ឧស្សាហកម្ម ក្នុងការកែច្នៃ កសិផល កសិកម្ម ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេស ។
ក្នុងឪកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឯកឧត្តមអគ្គរដ្ឋទូត ជួយអំពាវនាវដល់អ្នកវិនិយោគិន នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបណ្តាក់ទុនវិនិយោគ ឬក៏ធ្វើពាណិជ្ជកម្មផ្លាស់ប្តូរ ជាមួយខេត្តបាត់ដំបង ដោយរដ្ឋបាលខេត្តបាត់ដំបង នឹងរង់ចាំស្វាគមន៍ជានិច្ច ។
ក្នុងកាសនោះដែរ ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហ៊ីម ( Zaheeruddin Babar Thaheem ) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ នៅពេលដែលឯកឧត្តម វិលត្រឡប់ទៅវិញ នឹងនាំនូវសំណើសំណូមពររបស់ឯកឧត្តម អភិបាលខេត្ត ដែលទាក់ទងនឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ជាពិសេសខេត្តបាត់ដំបង ទៅធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគិននៃប្រទេសប៉ាគីស្ថាន ឲ្យមកបណ្តាក់ទុនវិនិយោគ និងផ្លាស់ប្តូរពាណិជ្ជកម្ម នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តបាត់ដំបង ៕