នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលការងារប្រចាំខែ រាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហាក្មេងទំនើង បង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
ឯកឧត្តមក៏បានបន្តមានប្រសាសន៍បន្ថែមទៀតថា សូមធ្វើឱ្យមានប្រសិទ្ធភាពក្នុងការងារបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ នៅតាមក្រុង ស្រុក ជាពិសេសតាមច្រកព្រំដែន ក៏នៅតែបន្តក្នុងការបង្រ្កាបរហូតមិនត្រូវបន្ធូរបន្ថយឡើយ ហើយបញ្ហាល្បែងស៊ីសងក៏នៅតែបន្តនីវិធីបង្ក្រាបនិងការត្រួតពិនិត្យគ្រឿងស្រវឹង នាពេលយប់ក៏នៅតែបន្តផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តធ្វើថែមទៀត គឺពង្រឹងនិងបង្រ្កាបរាល់បទល្មើសដូចជា បទល្មើសព្រៃលិចទឹក បទល្មើសនេសាទខុសច្បាប់ បទល្មើសរំលោភទន្ទ្រានយកដីរដ្ឋក្នុងតំបន់ហាមឃាត់ ដើម្បីធ្វើស្រែ និងឈានដល់ទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ត្រូវបង្រ្កាបឲ្យទាន់ពេលវេលា ទំនាស់ដីធ្លីនៅតាមគ្រប់ទីកន្លែង និងជាពិសេសស្រុកជុំវិញបឹងទន្លេសាប ។
ឯកឧត្តម សុខ លូ បានរំលឹកអំពី យុទ្ធនាការដាំដើមឈើនាពេលកន្លងមក ត្រូវបន្តយកចិត្តទុកដាក់ថែទាំទៅលើដើមឈើដែលបានដាំរួចហើយណែនាំនិង ប្រគល់ឲ្យម្ចាស់ផ្ទះប្រជាពលរដ្ឋនៅមុខផ្ទះនោះទទួលខុសត្រូវថែរក្សា ដើម្បីសោភ័ណភាពបរិស្ថាន ទេសចរណ៍ ទីក្រុងស្អាត យើងផងដែរ៕