រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសន្តិសុខជាតិ ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបំផ្លាញសុខសន្តិភាពរបស់ប្រទេសយើងឡើយ

  • 32
  • ដោយ teavvisal

ផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត និងតឹងរ៉ឹងបំផុតចំពោះ ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និង វិបុលភាពរបស់ប្រទេសជាតិ ដោយដាច់ខាតមិនត្រូវអនុញ្ញាតឱ្យកម្លាំងនៃក្រុមនយោបាយជ្រុលនិយមណាមួយមកបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏សូមឆ្លៀតយកឱកាសនេះអំពាវនាវជូនដល់ជនរួមជាតិ សូមកុំចាញ់ ឧបាយកលបោកបញ្ឆោតរបស់មេខ្លោងនៃចលនាបដិវត្តន៍ពណ៌ដែលជាឧក្រិដ្ឋជនប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឱ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួម ប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាពសង្គម និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅទូទាំង ប្រទេស ជាពិសេស សហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឱ្យមានប្រសិទ្ធភាព។

ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម "បទល្មើសឧបឃាត" តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ "បទល្មើសឧបឃាត" នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ផែនការនៃការប្រឆាំងនឹងសន្តិសុខជាតិ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម និង បទប្បញ្ញត្តិជាធរមាន អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។

រាល់បុគ្គលទាំងឡាយដែលរួមគំនិតក្បត់​ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវជាប់ទោសពី "បទល្មើសរួមគំនិតក្បត់" ដែលជា​ បទឧក្រិដ្ឋ មានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះត្រូវបន្ថែមស្ថានទម្ងន់ទោស ដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ ប្រសិនបើជនល្មើសគឺជាអ្នករាជការសាធារណៈ។

បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដើម្បីដណ្តើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយបុគ្គលនោះបាន សារភាព ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និង សហការ ឈានទៅបង្ក្រាប បទល្មើសនេះនឹងត្រូវទទួលបាន ការលើកលែងឱ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិ មាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង