រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង, លោក ប៊ុត ម៉ក់ ជំនួស លោក អៀ វ៉ាន់នី ដែល ចូលនិវត្តន៍

  • 1.7ពាន់
  • ដោយ SokMean

(បាត់ដំបង)៖ព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសឲ្យចូលកាន់តំណែងផ្លូវការរបស់ប្រធានមន្ទីរទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម លោកជំទាវ សមាជកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ត្រូវបានប្រកាសតែងតាំង លោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែលត្រូវចូលនិវត្តន៍ ។

ក្នុងពិធីនេះផងដែរ ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកប្រធានមន្ទីរ ដែលទើបនឹងប្រកាសតែងតាំងថ្មី ត្រូវឲ្យមានស្មារតីសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ក្រោម និងថ្នាក់លើ និងជាមួយបណ្តាមន្ទីរ អង្គភាពពាកព័ន្ធនានា ព្រមទាំងត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការនៅក្នុងអង្គភាព ដោយការពង្រឹងវិន័យ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៅក្រោមឱវាទ ឲ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពបម្រើការងារឲ្យអស់ពីកម្លាំងកាយចិត្ត ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ចាប សុថារិទ្ធ បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូវអនុវត្តការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក៏ដូចជាអនុសាសន៍របស់ ប្រ មុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបម្រើប្រជាជនដោយស្មោះត្រង់ទទួលភារកិច្ចដឹកនាំគ្រប់គ្រងសម្របសម្រួលលើគ្រប់វិស័យស្របតាមបេសកកម្មចំបងរបស់ក្រសួង។
ពិសេសគឺ តាមដានការអនុវត្តច្បាប់ទប់ស្កាត់ អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើ អំណាច ដើម្បីបម្រើប្រយោជន៍ បុគ្គល និងបក្សពួកគ្រួសារ និងការពារសិទ្ធរបស់ពលរដ្ឋ ពោលពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

បន្ថែមពីនេះ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍គឺបម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕ (មានវីឌីអូរខាងក្រោម)

អត្ថបទទាក់ទង