រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ឧបត្ថម្ភថវិកា៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធមកពីខេត្តបាត់ដំបង ដែលចង់ឃើញព្រែកជីកហ្វូណនតេជោ

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូមកពីខេត្តបាត់ដំបង ដើម្បីស្កាត់មកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយឃើញការបង្ហោះវីដេអូរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលសាកសួរពីចំណាប់អារម្មណ៍របស់លោកតា លោកយាយ បានចាត់ឲ្យឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាំយកថវិកាប្រគល់ជូនពួកគាត់ នៅរង្វង់មូលលោកតាដំបងគ្រញូង។
លោកតា និងលោកយាយដែលទទួលបានថវិកាឧបត្ថម្ភពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ​ ជាអតីត​មេភូមិ​ស្វាយបីដើម​ (ឆ្នាំ២០១៥-២០១៨)​ និងយាយឈ្មោះ ប៊ុន សាមី អាយុ​៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់​។
សូមជម្រាបថា តាមរយៈការសាកសួររបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ពួកគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីខេត្តបាត់ដំបង នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ហើយមកដល់ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ ហើយបានសម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីបានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ៕

អត្ថបទទាក់ទង