បន្ទាប់ពីរាំងភ្លៀង និងដោយសារកម្រិតទឹកស្ទឹងសង្កែមានកម្រិតទាបជាងមុនធ្វើឱ្យផ្លូវមួយចំនួននៅក្នុងក្រុងដែលទទួលរងនូវការជន់លិច ដោយជ្រាបទឹកស្ទឹងសង្កែនៅតាមលូកន្លងមកនេះ នៅព្រឹកនេះក្រុមការងារជំនាញបានធ្វើការចាក់បំពេញដីនៅតាមផ្លូវក្នុងក្រុង ដើម្បីធ្វើការសម្រួលជាបណ្ដោះអាសន្ន សម្រាប់ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមផ្លូវសាធារណៈ ។
គួរបញ្ជាក់ផងដែរថា ក្រុងបាត់ដំបង បច្ចុប្បន្នបាន និងកំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុងទាំងប៉ែកខាងកើតស្ទឹងសង្កែ (សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្ដេច) គ្រោងបញ្ចប់ចុងឆ្នាំ២០២៤នេះ និងប៉ែកខាងលិចស្ទឹងសង្កែ (សង្កាត់ស្វាយប៉ោ សង្កាត់ទួលតាឯក និងសង្កាត់ចំការសំរោង) គ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណាក់កាលសាងសង់នេះក្នុងរដូវភ្លៀងពិតជាជួបការលំបាកដែលជៀសមិនផុត តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងប្រតិបត្តិករគម្រោង បាននឹងកំពុងខិតខំជួសជុល និងសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត។
សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅពេលគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ត្រូវបានសាងសង់ និងធ្វើតេស្តតាមបច្ចេកទេសរបស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនជួសជុលផ្លូវដែលខូចខាតឡើងវិញជាបន្តបន្ទាប់ឱ្យបានឆាប់រហ័ស។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងដោយការយោគយល់បំផុត ។
សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យចំពោះបញ្ហានេះ ក្រុមការងារជំនាញបានខិតខំព្យាយាមសាងសង់ឱ្យបានឆាប់រហ័សដើម្បីសម្រួលដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឡើងវិញ ។