ក្រុងបាត់ដំបង បច្ចុប្បន្នបាន និងកំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុងទាំងប៉ែកខាងកើតស្ទឹងសង្កែ (សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្ដេច) គ្រោងបញ្ចប់ចុងឆ្នាំ២០២៤នេះ និងប៉ែកខាងលិចស្ទឹងសង្កែ (សង្កាត់ស្វាយប៉ោ សង្កាត់ទួលតាឯក និងសង្កាត់ចំការសំរោង) គ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណាក់កាលសាងសង់នេះក្នុងរដូវភ្លៀងពិតជាជួបការលំបាកដែលជៀសមិនផុត តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងប្រតិបត្តិករគម្រោង បាននឹងកំពុងខិតខំជួសជុល និងសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត។
សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅពេលគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ត្រូវបានសាងសង់ និងធ្វើតេស្តតាមបច្ចេកទេសរបស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនជួសជុលផ្លូវដែលខូចខាតឡើងវិញជាបន្តបន្ទាប់ឱ្យបានឆាប់រហ័ស។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងដោយការយោគយល់បំផុត។