រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៦បន្ទប់ ខ្លោងទ្វារ និងរបង នៅក្នុងអនុវិទ្យាល័យឈើទាល

  • 42
  • ដោយ teavvisal

នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៦បន្ទប់ ខ្លោងទ្វារ និងរបង នៅក្នុងអនុវិទ្យាល័យឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ។
បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់រួចមក អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានសហការសាមគ្គីគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងបានជួយដោះស្រាយសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ពិសេសបានចូលរួម ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែល្អប្រសើរជាលំដាប់។
សម្ដេច បានសម្តែងនូវទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមអបអរសាទរជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ ជាសិស្សានុសិស្សទាំងអស់ នៅក្នុងអនុវិទ្យាល័យឈើទាលយើងនេះ ដែលបានទទួលសមិទ្ធផលថ្មីជាអគារសិក្សា ១ខ្នង ៦បន្ទប់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជា សម្រួលដល់ការសិក្សារបស់ចៅៗ ក្មួយៗ ជាសិស្សានុសិស្ស ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ សម្តេចក៏សូមចូលរួមត្រេកអររីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់ទាំងមូល ដែលទទួលបាននូវសមិទ្ធផលថ្មីជា ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង អគារលើកកម្ពស់សុខភាព មណ្ឌលសុខភាព ប្រឡាយមេចែកចាយទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ។
សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលអគារសិក្សាថ្មី ១ខ្នង ៦បន្ទប់ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ បានមកពីថវិការបស់គម្រោងមូលនិធិឃុំ-ស្រុក រួមគ្នាជាមួយថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ព្រមទាំងសប្បុរសជននានាផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនក្នុងការជួយឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់អគារសិក្សា ១ខ្នង នេះ និងជួយសាងសង់សមិទ្ធផលផ្សេងៗទៀតនៅក្នុងស្រុកបាណន់យើងនេះ ដែលជាការរួមចំណែកដ៏ថ្លៃថ្លាក្នុងជួយអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាលំដាប់ ។
សម្តេចមានប្រសាសន៍បន្ថែមថា ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យើងជាប្រជាជាតិខ្មែរ មិនត្រូវប្រកាន់ពណ៌សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិសាសន៍ ឋានៈសង្គម និងធនធាននោះទេ យើងត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងថែរក្សាសមិទ្ធផលសង្គមទាំងអស់ ឱ្យបានគង់វង្ស និងបន្តរួបរួមគ្នាកសាងប្រទេសជាតិ មាតុភូមិ ឱ្យកាន់តែ រីកចម្រើនសម្បូរសប្បាយថែមទៀត ។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានមានមតិផ្តាំផ្ញើចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដូចជា ត្រូវជំរុញលើកទឹកចិត្តមាតាបិតា និងអាណាព្យាបាលសិស្សឱ្យចូលរួមក្នុង វិស័យអប់រំ ឱ្យបានផុលផុស ពីព្រោះមាតាបិតា និងអាណាព្យាបាលជាតួអង្គ មានសារៈសំខាន់ក្នុងការចូលរួមតាមដានលទ្ធផល នៃការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់សិស្សានុសិស្ស ទាំងនៅក្នុងគ្រួសារ ទាំងនៅក្នុង សាលារៀន ទាំងនៅក្នុងសហគមន៍ ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល ដែលបានលើកឡើងពី «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» ។ សូមគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ បង្កើនការយកចិត្តទុកដាក់ ការត្រួតពិនិត្យគុណភាពចំណីអាហារ ដែលដាក់លក់ក្នុងបរិវេណសាលារៀន ឱ្យបានជាប់ជាប្រចាំ ព្រោះថាបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក៏ជាកត្តាសំខាន់សម្រាប់សុខភាពសិស្សានុសិស្សរបស់យើង។ ជាមួយគ្នានេះ ក៏សូមយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពអនាម័យនៅក្នុងបរិវេណសាលារៀនផងដែរ ឱ្យស្របតាម «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» របស់រាជរដ្ឋាភិបាល។ សូមយុវជន យុវនារី ក្មួយៗ និងចៅៗ ជាសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អក្នុងសង្គម ស្របតាមទិស ស្លោកដែលបានលើកឡើងថា ទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាអ្នកស្នងជាតិបាន យុវជនប្រុសស្រីទាំងអស់ត្រូវតែនៅឱ្យឆ្ងាយពីគ្រឿនញៀន នៅឱ្យឆ្ងាយពីក្មេងទំនើង នៅឆ្ងាយពីល្បែងស៊ីសង កុំប្រព្រឹត្តអំពើអនាចារ អំពើអបាយមុខផ្សេងៗ ដែលសង្គមជាតិ ស្អប់ខ្ពើម នាំឱ្យមានទុក្ខទោស និងខូចអនាគតរបស់ខ្លួនទៀតផង ។
ជាចុងបញ្ចប់ ក្នុងនាមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្តេច សូមថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរស្រុកបាណន់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសប្បុរសជនទាំងអស់ ដែលបានរួមរួមសាមគ្គីគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមកសាងអគារសិក្សា ១ខ្នង មាន៦បន្ទប់ និងសមិទ្ធផលផ្សេងៗជាច្រើនទៀតនៅក្នុងស្រុកបាណន់ ដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងឱកាសដ៏ថ្លៃថ្លានេះ៕

អត្ថបទទាក់ទង