រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរវាងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងមន្ទីរជំនាញ

  • 40
  • ដោយ teavvisal

រសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងាររវាងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងមន្ទីរជំនាញ ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត បានជម្រាបជូនពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងវិស័យកិច្ចការនារី ក៏ដូចជាការលើកឡើងរបស់មន្ទីរជំនាញពាក់ព័ន្ធនានាផង។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អភិបាលខេត្តរួចមក, លោកជំទាវ ឡោក ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ដែលខិតខំបំពេញការងារជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវអភិក្រមទាំង៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបានដាក់ចេញនូវគោលនយោបាយ៦ចំណុចបន្ថែមទៀត រួមមាន៖ ការពង្រឹងវិជ្ជាជីវៈបច្ចេកទេស ការប្រើប្រាស់ប័ណ្ណ ប.ស.ស ប័ណ្ណសម៌ធម៌ ការលើកម្ពស់សុខមាលភាពសង្គម ការអភិវឌ្ឍឯកជនទាក់ទង និងការងារ ប.ស.ស ការអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យម សហគ្រិនភាព ការអភិវឌ្ឍទីផ្សារការងារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍន៍ភាពធនចីរភាព ការពង្រឹងផលលាភវិទ្យាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។
លោកជំទាវបានបន្តថា បេសកកម្មរបស់គណៈប្រតិភូរដ្ឋសភានាពេលនេះ គឺដើម្បីចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកជំទាវ ឡោក ខេង ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ អំពីជំងឺមិនឆ្លង ក៏ដូចជាជំងឺផ្សេងៗ ជាពិសេសគឺការលើកទឹកចិត្តឱ្យប្រជាជនចុះឈ្មោះជា សមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលយកនូវសេវាសុខាភិបាលដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបន្តជំរុញនិងផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមួយចំនួន ដែលជាកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។
លោកជំទាវបានលើកឡើងថា ខេត្តបាត់ដំបង ជាខេត្តធំមួយ មានសក្តនុពលខ្លាំង បានធ្វើការបំរើប្រជាពលរដ្ឋបានល្អ និងស្នើឲ្យរដ្ឋបាលខេត្តបន្តអនុវត្តការងារដ៏ល្អនេះបន្ថែមទៀតនាពេលអានាគតកាន់តែល្អប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋយើង រស់នៅមានសុខភាពល្អ មានសុខសុវត្ថិភាពក្នុងការរស់នៅ ប្រកបរបរការងារផ្សេងៗ ប្រកបដោយសុខសាន្ត មានជីវភាពធូធារមានចំណូលខ្ពស់ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០-២០៥០ផងដែរ៕

អត្ថបទទាក់ទង