រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានគណៈប្រតិភូ ។

កិច្ចពិភាក្សានេះមានអញ្ជើញចូលរួមពីគណៈកម្មការខេត្តដឹកនាំ តាមដាន ត្រួតពិនិត្យ និងការអនុវត្តគម្រោង សម្បទានសង្គមកិច្ចអតីតដីសួនព្រែកព្រះស្តេច។

លោក សឿម ប៊ុនរិទ្ធិ បានមតិស្វាមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។

លោកអភិបាលរងនៃគណៈអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញលើកឡើងអំពីប្រវត្តិ និងដំណើរការចាប់ផ្តើមនៃការរៀបចំដីសម្បទានសង្គមកិច្ច អតីតដីសួនច្បារព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងនីតិវិធីដោះស្រាយ និងបញ្ហាប្រឈមជូនគណៈប្រតិភូ។

លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើបទបង្ហាញអំពីប្រវត្តិនៃដី ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨១ ដោយគ្រោងរៀបចំសួន ហើយនៅឆ្នាំ១៩៨៥ មានប្រពលរដ្ឋចូលទៅរស់នៅកាប់ ដោយវិបត្តិសង្គ្រាម ការធ្វើនិវត្តន៍ឆ្នាំ១៩៩៣ មានការចំណាកស្រុករកការធ្វើ និងការទិញលក់ដោយខ្លួនឯង បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ២០០៥ ស្រុកបាត់ដំបង បានរៀបចំប្លង់គោល និងបានកំណត់ទីតាំងដីសួនព្រែកព្រះស្តេចជាសំណង់បណ្តោះអាសន្ន ហើយនៅក្នុងឆ្នាំ២០០៥ នោះ យើងបានធ្វើការរៀបចំចងក្រងសហគមន៍ ដែលមានការគាំទ្រពីដៃគូរអភិវឌ្ឍនានា។

លោកប្រធាមន្ទីរបានបន្តទៀតថា ក្រោយរដ្ឋបាលខេត្តបានស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាលបានឯកភាពឱ្យដីសួនព្រែកព្រះស្តេច រៀបចំសុវត្ថិភាពដីធ្លី លំនៅដ្ឋានជូនប្រជាពលរដ្ឋក្រីក្រ (១៨១៧ សជណ ចុះថ្ងៃទី១៨ ធ្នូ ២០០៧) ។

លោក តេង គឹមស៊ាន នាយកស្តីទី ទីចាត់ការអន្តរវិស័យសាលាខេត្ត បានលើកឡើងដំណើរការអនុវត្តដោយមានការចូលរួមរបស់គម្រោងសុវត្ថិភាពដីធ្លីលំនៅដ្ឋាន ដោយមានការគាំទ្រពីប្រទេសជប៉ុនតាមរយៈធនាគារពិភពលោក និងអនុវត្តដោយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា។ លោកបន្តទៀតថា ក្រោយមកយើងបានធ្វើបែងចែកជា ៥ប្លុកធំ ស្មើនឹង៦៤៨ ឡូតិ៍ សម្រាប់ធ្វើការបែងចែក ដោយអនុវត្តតាមសារាចរលេខ ០៣ សរ គោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការអនុវត្តក៏មានបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋដែលមិនព្រមទទួលគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយសារបានចូលទៅទន្ទ្រានដីរដ្ឋលើសួនព្រែកព្រះស្តេចបានទំហំធំ និងវាតយកដីទំនេរ ព្រមទាំងព័ទ្ធរបង កន្លែងខ្លះសាងសង់សំណង់រឹង ។

ឯកឧត្តម ម៉ម សូណង់ដូ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ការដោះស្រាយរបស់រដ្ឋបាលខេត្តព្រមទាំងបានលើកឡើងនូវសំនួរជាច្រើនៗ ដោយផ្តោតសំខាន់ចំពោះទិសដៅ និងយានការបន្តក្នុងការដោះស្រាយដីសម្បទានសង្គមកិច្ចរបស់រដ្ឋបាលខេត្តបាត់ដំបង ជូនបងប្អូនប្រជាពលរដ្ឋ។

លោក សឿម ប៊ុនរិទ្ធិ បានបង្ហាញពីគោលចំហូររបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយបញ្ហាជូនបងប្អូន និងខិតខំដោះស្រាយឱ្យអស់លទ្ធភាព ក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដោយឈរលើកគោលការព្រមព្រៀងឯកភាពគ្នា ៕

អត្ថបទទាក់ទង