រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង ។

  • 1.1ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃ ពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងត្រៀមរៀបចំវគ្គវណ្ដុះបណ្ដាល តម្រង់ទិសដៅដល់សមាជិកក្រុមប្រឹក្សា ដែលទើបជាប់ឆ្នោតថ្មី ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាដែលមកពីគណបក្សនយោបាយផ្សេងៗគ្នា សហការរួមគ្នា នៅក្នុងក្រុមប្រឹក្សារបស់ខ្លួន បន្ដជំរុញកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅមូលដ្ឋាន សម្ដៅលើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេច ក៏បានគូសបញ្ជាក់ដែរថា ផ្អែកតាមលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាថ្មី ដែលកើតចេញពីការបោះឆ្នោត ត្រូវបានប្រកាសចូលកាន់តំណែងរបស់ខ្លួន ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបានចាប់ផ្ដើមរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១ និងលើកទី២ ជាបន្ដបន្ទាប់ ដើម្បីរៀបចំបទបញ្ជាផ្ទៃក្នុង មុននឹងឈានទៅធ្វើសេចក្ដីសម្រេចនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។លើសពីនេះ សម្ដេចក្រឡាហោម ក៏បានលើកឡើងដែរថា ការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធានាឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងធានាឲ្យដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ស្ថិតស្ថេរ និងគង់វង្ស ព្រមទាំងចូលរួមគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការបន្ដពង្រឹងសុខ សន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិជាបន្ដទៀត។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ត្រូវបានអនុវត្តដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បទបញ្ជា និងនីតិវិធីផែនការមេ និងប្រតិទិនការងារសម្រាប់ការបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ជាទូទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ បានប្រព្រឹត្តទៅក្នុងបរិយាកាស សន្ដិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង និងការបំភិតបំភ័យឡើយ។


បន្ថែមពីនេះ លោក ស៊ិក ប៊ុនហុក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចាត់វិធាន ការប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងដំណើរការរៀបចំការបោះឆ្នោត និងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕

អត្ថបទទាក់ទង