រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មានសម្តេចធិបតីនាយករដ្ឋមន្ត្រីដឹកនាំដោយឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ ១)ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ២)សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី ៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ ៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រនិងទទឹង ៧ម៉ែត្រ និង ៦)សំណង់ដោះទឹកចំនួន ៨កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់បានឱ្យដឹងថា គិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ ៨០ភាគរយ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីជាប្រព័ន្ធធារាសាស្រ្តមួយដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តពីមុនមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ក្នុងការជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនិងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ គម្រោងនេះគ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និង ៤៥០០ហិកតានៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

អត្ថបទទាក់ទង