នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមបើកយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលនឹងចាប់អនុវត្តនាពេលខាងមុខ ក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបង ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុកទាំង១៤ កងកម្លាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ គឺធ្វើឡើងសម្រាប់ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងតែម្ដង ដោយជំហានដំបូងគឺផ្ដោតទៅលើទីប្រជុំជន ក្នុងគោលបំណងសំខាន់បំផុតគឺដើម្បីកំណត់ឱ្យច្បាស់អំពីព្រំដីចំណីផ្លូវ ជៀសវាងមានការរំលោភបំពានដីចំណីផ្លូវ និងពិសេសលើកកម្ពស់សម្រស់នៅតាមទីប្រជុំជននៅតាមក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ។ ឯកឧត្តមបានលើកឡើងថា សម្រាប់យុទ្ធនាការនេះ នឹងចាប់ផ្ដើមព្រមគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះស្នើឱ្យមានការចូលរួមពីសំណាក់មន្រ្ដីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការនេះ នឹងចូលរួមក្នុងការថែរក្សាដើមឈើនេះឱ្យបានគង់វង្ស ដើម្បីជាម្លប់ ជាសម្រស់ និងបង្ហាញដល់កូនចៅជំនាន់ឱ្យបានស្គាល់អំពីប្រភេទនៃដើមឈើប្រណិតសំខាន់ៗមួយចំនួននោះផងដែរ ។