រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤

ព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ នៅឯសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ គឺអនុលោមតាមមាត្រា ៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ ។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ ដើម្បីបន្តដឹកនាំក្រុងបាត់ដំបង សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។
ឯកឧត្តមបានបន្តទៀតថា បើទោះបីជាសមាជិក សមាជិកាក្រុមប្រឹក្សា ដែលជាប់ឆ្នោត មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែ តាមគោលការណ៍ច្បាប់រៀបចំអង្គការបានកំណត់ថា ក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្ដី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

អត្ថបទទាក់ទង