រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នងជូន ស្រ្តីមេម៉ាយមានជីវភាពក្រីក្រ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ

នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោកស្រី ស៊ុន លន អាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយមានជីវភាពក្រីក្រខ្លាំង និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ ស្ថិតនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានអនុសាខាក្រុងបាត់ដំបង បានឲ្យដឹងថាក្រុមគ្រួសារ លោកស្រី ស៊ុន លន មានជីវភាពទ័លក្រ ដោយមានប្តីជាយោធាបានទទួលមរណៈ ដោយឡែកកូនៗ ២នាក់មានគ្រួសារទៅនៅឆ្ងាយពីគាត់ ផ្ទះចាស់មានសភាពចាស់ទ្រុឌទ្រោម ពេលមានភ្លៀងម្តងៗ ធ្លុះធ្លាយលិចពិបាកក្នុងរស់នៅ ហើយទន្ទឹមនឹងនោះ ក្រៅពីទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន លោកស្រីក៏ទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមធម៌ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះលោកស្រី ស៊ុន លន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
ឯកឧត្តម ក៏បានក្រើនរម្លឹកដល់លោកស្រី និង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោរពេញទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។
ក្នុងនោះ ឯកឧត្តម ក៏បានលើកពីបញ្ហាផ្លូវចូលដែលមានសភាពតូចចង្អៀត ដែលពិបាកក្នុងការធ្វើដំណើរ ពិសេសពិបាកក្រែងមានហេតុការណ៍អាក្រក់កើតឡើងមិនអាចឡានចូលបាន ដោយឯកឧត្តម បានធ្វើការណែនាំដល់លោកអភិបាលក្រុង សិក្សាបើកផ្លូវឡើងវិញ ដែលធំទៅតាមស្ដង់ដារដែលបានកំណត់កន្លងមក អមជាមួយនឹងការដាំដើរឈើលំអរ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងករណីមានហេតុការណ៍កើតឡើងណាមួយជាយថាហេតុ ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៣ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូន អំណោយ សម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៣ភូមិក្នុងសង្កាត់ស្លាកែតចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ ៕

អត្ថបទទាក់ទង