រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលបាលខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យដាលាន យ៉ាងអធិកអធម នៅស្រុកថ្មគោល ខេត្តបាត់ដំបង

  • 2.3ពាន់
  • ដោយ SokMean

(បាត់ដំបង)៖ ថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ ខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យ ដាលាន យ៉ាងអធិកអធម និងរៀបចំពិធីសែនព្រេន ពូនភ្នំស្រូវ ពិព័រណ៌កសិកម្ម អបអរសាទរក្រោយពេលបញ្ចប់ការប្រមូលផលស្រូវ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ  និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្រ្តីរាជការ និងប្រជាកសិករ យ៉ាងច្រើនកុះករ ។ ពិធីនេះបានរៀបចំ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ពិធីបុណ្យដាលាន ជាពិធីដែលទាក់ទងទៅនឹងជំនឿសាសនាដែលប្រជាពលរដ្ឋខ្មែរយើងភាគច្រើនជាកសិករតែងតែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ។ ប្រជាកសិករខ្មែរយើង ក្រោយពីបញ្ចប់ការច្រូតស្រូវ និងបោកបែនរួចរាល់ជាស្ថានពរហើយនោះ ចាស់ទុំក្នុងភូមិតែងតែ ជជែកពិគ្រោះយោបល់គ្នា ដើម្បីលៃលកពេលវេលាសមស្របណាមួយអាចធ្វើបុណ្យទានផ្សេងៗ ក្នុងនោះក៏មានការរៀបចំពិធីបុណ្យដាលានផងដែរ ។

ពិតណាស់ថាបុណ្យដាលានជាពិធីមួយដែលប្រជាកសិករនិយមធ្វើជាលក្ខណៈគ្រួសារ នៅក្នុងមូលដ្ឋានភូមិឃុំ របស់ខ្លួនតាំងពីយូរយារណាស់មកហើយ ។ ការរៀបចំពិធីបុណ្យដាលាននេះឡើងក្នុងគោលបំណងរំព្ញកឡើងវិញ ដើម្បីផ្សព្វផ្សាយឱ្យប្រជាកសិករបន្តធ្វើបុណ្យដាលានដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរមួយដ៏ល្អផូរផង់ ដើម្បីជួយថែរក្សាមរតវប្បធម៌ដ៏ប្រពៃរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។

ពិធីបុណ្យដាលានបានបង្កប់នូវអត្ថន័យជាច្រើនក្នុងការជំរុញអភិវឌ្ឍន៍វិស័យកសិកម្មដូចជា ការអប់រំឱ្យប្រជាកសិករចេះសន្សំសំចៃ និងស្រលាញ់ស្រូវឱ្យដូចស្រលាញ់ម្តាយ​ និងជីវិតខ្លួនឯង ព្រមទាំងដឹងគុណចំពោះម្ចាស់ទឹកដី និងវត្ថុស័ក្តិសិទ្ធិនានា ក៏ដូចជាបង្កឱកាសជូនប្រជាកសិករឱ្យជួបជុំញាតិមិត្តជិតឆ្ញាយ ដើម្បីពង្រីកចំណងភាពភាព សាមគ្គីភាព និងមិត្តភាព ហើយផ្លាស់ប្តូរយោបល់គ្នាអំពីការងារបង្កបង្កើនផល និងជាពិសេស គឺដើម្បីកម្សាន្តសប្បាយ បន្ទាប់ពីចំណាយកម្លាំងកាយ និងកម្លាំងចិត្តគ្រប់យ៉ាងនៅក្រោមកម្តៅថ្ងៃ ព្រះអាទិត្យ  និងភ្លៀងផ្គរយ៉ាងផ្តូរផ្តាច់  អស់រយៈពេលពេលមួយរដូវបង្ករបង្កើនផលកន្លងមក ។

ដាលាន មានន័យថា ( ឆ្លងទីដីវាលរលីង ) ខ្លះហៅថា ពិធីបោសលាន នៅពេលប្រមូលផលស្រូវរួចរាល់អស់ស្រូវពីលាន ។

ព្រឹទ្ធាចារ្យពីដើមចាត់ទុកអង្ករ ជាអ្នកមានគុណ មុនពិសា បាយចាស់ៗ លើកដៃសំពះសូមអរគុណដល់ (ព្រះមេ ) ជានិច្ច ហើយតែងតែព្រៀនប្រដៅកូនចៅ ឲ្យប្រុងប្រយ័ត្ន ទទួលទានបាយ កុំឲ្យជ្រុះរាត់រាយ ខ្ជះខ្ជាយឥតប្រយោជន៍ លោកពន្យល់ថា " បាប " នៅក្នុងពិធីនេះដែរ ទន្ទឹមនឹងការរំលឹកដល់គុណស្រូវ អង្ករ ក៏ សុំខមាលទោសនូវអំពើខុសឆ្គងដែលប៉ះពាល់ ដូចជាការបន្ទោបង់ ឬ ដើរជាន់នៅលើទីវាលស្រែស្រូវ ។ ល ។....

អត្ថបទទាក់ទង