នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការដាំកូនឈើតាមដងផ្លូវសំខាន់ក្នុងក្រុងបាត់ដំបង សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមកូនជាង២ម៉ឺនដើម សម្រាប់យុទ្ធនាការមួយនេះ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា សម្រាប់យុទ្ធនាការនេះ គឺជាការចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឱ្យមានភាពបៃតង ទាក់ទាញភ្ញៀវទេសចរបានមួយកម្រិត ពិសេសកាត់បន្ថយកម្ដៅបានមួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើង ដែលធ្វើឱ្យទីក្រុងបាត់ដំបងមិនត្រឹមតែមានសម្រស់ស្រស់បំព្រងទេ ថែមទាំងធ្វើឱ្យទីក្រុងត្រជាក់ផងដែរ ។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលក្រុងបាត់ដំបង និងខណ្ឌរដ្ឋបាលជលក្នុងការរៀបចំទីតាំងឱ្យច្បាស់លាស់ថាទីតាំងកន្លែងណាត្រូវដាំដើមឈើប្រភេទអ្វី ដើម្បីកំណត់គោលដៅទេសចរណ៍ភ្ញៀវទេសចរដែលមកលេងកំសាន្ដចង់ទៅលេងតំបន់ណាមានដើមឈើប្រភេទអ្វីមានផ្កាអ្វីជាដើម ។
ឯកឧត្តមបានលើកឡើងថា ក្នុងការដាំដើមឈើនោះទៀតសោត មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កាដូចជា ដើមរំដួល ដើមត្របែកព្រៃ ឬដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឱ្យទីក្រុងបាត់ដំបងមានភាពរស់រវើកគ្រប់រដូវកាល ។ ក្នុងនោះសម្រាប់ដើមឈើនីមួយៗនឹងមានអត្តសញ្ញាណច្បាស់លាស់ពោលគឺគេហដ្ឋាននីមួយៗមានតួនាទីចូលរួមថែរក្សាដើមឈើដែលមាននៅមុខគេហដ្ឋានរបស់ខ្លួន ដូចនេះសូមប្រជាពលរដ្ឋចូលរួមថែរក្សាកូនដើមឈើដែលរដ្ឋបាលខេត្តនឹងធ្វើការដាំនាពេលខាងមុខនេះ ដើម្បីថែរក្សា ក៏ដូចជាបន្សល់នូវដើមឈើមួយចំនួនដល់កូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ និងជាផ្នែកមួយក្នុងការលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបងឱ្យមានភាពរស់រវើក និងកាន់តែស្រស់ស្អាតបន្ថែមទៀត ៕