លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវជួបប្រទះ ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»
នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងស៊ីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ។ លើសពីនេះ បទពិសោធ និងចំណេះដឹងទាំងនោះ បានបង្ហាញអំពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជមាន ប្រកបដោយពុទ្ធិ និងភាពម្ចាស់ការខ្លួនឯង ដើម្បីយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សា និងការប្រកបការងារផ្សេងៗ ។
អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយចំពោះឱកាសទទួលបានប្រសាសន៍ដ៏មានសារៈសំខាន់របស់ លោកជំទាវបណ្ឌិត ជាទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើង ។ មួយវិញទៀត នឹងកាន់តែជំរុញទឹកចិត្តឱ្យចូលរួមការងារស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម កាន់តែខ្លាំងក្លាបន្ថែមទៀត ៕