រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤

អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ក្រោយពីប្រកួតប្រជែងជាមួយនឹងផលិតផលឌីជីថល សេវា និងកម្មវិធី ទាំង១២៥ នៃប្រទេសជាសមាជិកអាស៊ានទាំង១០ ។

ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៉ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល ។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ។

អត្ថបទទាក់ទង