រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង

នៅរសៀលថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់ការងារបន្ទាប់ នៅឯសាលប្រជុំB2 សាលាខេត្តបាត់ដំបង ។
ក្នុងនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា បច្ចុប្បន្ន្ននេះយើងត្រូវបន្តយកចិត្តទុកដាក់ទៅលើគ្រឿងញៀនដែលជាបញ្ហាធំចម្បង ព្រោះវាជាបញ្ហាស្មុគស្មាញក្នុងការទប់ស្កាត់ ក៏ដូចជាត្រូវលុបបំបាត់ផងដែរ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ដោយឡែកចំពោះអ្នកញៀនគ្រឿងញៀន ត្រូវធ្វើការបន្សាបគ្រឿងញៀននៅឯមជ្ឍមណ្ឌលបន្សាបគ្រឿងញៀន ដោយត្រូវបង្រៀនចំណេះ ជំនាញបច្ចេកទេសផ្សេងៗដល់ពួកគាត់ ឱ្យមានចំណេះជំនាញជាក់លាក់មួយ ដែលអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។
ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមទៀតថា ក្រៅពីនោះបទល្មើសនេសាទក្នុងតំបន់អភិរក្ស និងសត្វព្រៃក្នុងតំបន់ព្រៃអភិរក្ស ក៏យើងត្រូវបន្តយកចិត្តទុកដាក់ផងដែរ ព្រោះនេះគឺជាធនធានធម្មជាតិដែលបន្សល់ទុកឱ្យយើងជាអ្នកថែរក្សាមើលការខុសត្រូវ ហើយក៏ជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាក្នុងតំបន់នោះផងដែរ ប្រសិនបើយើងធ្វើឲ្យមានការខូចខាត ឬបំផ្លាញទៅលើតំបន់ជម្រកធម្មជាតិទាំងអស់នោះឲ្យបាត់បង់កន្លែងទាក់ទាញទេសចរណ៍ឲ្យចូលមកទស្សនានៅក្នុងតំបន់នោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូលក្នុងសហគមន៍ផងដែរ ។
ឯកឧត្តម សុខ លូ មានប្រសាសន៍ពាក់ព័ន្ធនឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តបាត់ដំបងថា មួយរយៈក្រោយល្បែងភ្នាល់ ល្បែងស៊ីសង ល្បែងពាណិជ្ជកម្មទាំងដែលបានចុះបញ្ជី និងមិនបានចុះបញ្ជីគឺមានការកើតឡើងដែលមិនស្របតាមច្បាប់ជាច្រើនករណី ដូចនេះអាជា្ញធរមានសមត្ថកិច្ចត្រូវត្រួតពិនិត្យលើបញ្ហាអាជ្ញាបណ្ណ និងទីតាំងឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ ក៏ដូចជាមានលិខិតបទដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រួតពិនិត្យលើបញ្ហានេះឲ្យហ្មតចត់ឡើងវិញ ព្រោះល្បែងពាណិជ្ជកម្មដែលមិនបានចុះបញ្ជីនេះ បានជ្រាប និងរីកសាយភាយនៅតាមភូមិស្រុកនីមួយៗ ជាពិសេសនៅក្នុងទីប្រជុំជនដែលអាចមាននៅតាមហាងលក់អាហា រ កាហ្វេ និងភេសជ្ជៈជាដើម ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវស្រាវជ្រាវទៅលើល្បែងភ្នាល់ ព្រមទាំងល្បែងផ្សងសំណាងផ្សេងៗ ព្រោះឥឡូវនេះបច្ចេកវិទ្យកាន់តែទំនើប ការបង្កភាពអាណាធិបតេយ្យក៏កាន់តែច្រើនឡើងដូចគ្នា ។

អត្ថបទទាក់ទង