រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សារមន្ទីរនិងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបងត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទាប់ពីជួសជុលនិងកសាងអស់ទឹកប្រាក់ជាង២៧ម៉ឺនដុល្លា

  • 4.4ពាន់
  • ដោយ SokMean

(បាត់ដំបង) ÷ សារមន្ទីរនិងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  និងប្រតិភូអមដំណើរ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង។ ពិធីមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត សិស្សនិស្សិត មន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តជាច្រើនរូបទៀត។

បន្ទាប់របាយការណ៍ស្វាគមន៍ស្តីពីដំណើរការជួសជុលសារ:មន្ទី និងសាលពិព័រណ៌សារមន្ទីរខេត្តបាត់ដំបងដោយឯកឧត្តម ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភ័ណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោកស្រី Helen Jesup ប្រធានអង្គការ មិត្តវប្បធម៌ខ្មែរ FOKCI បានឡើងអានសន្ទរកថា ដោយបានបញ្ជាក់ថា អង្គការលោកស្រីបានឧត្ដមគាំទ្រក្នុងការជួសជុលលើវិស័យសារ:មន្ទីរនានាកន្លងមកជាក់ស្តែងក៏ដូចជាសារ:មន្ទីរខេត្តបាត់ដំបងផងដែរដើម្បីលើកស្ទួយវប្បធម៌ខ្មែររហូតមកនិងជួយឧត្ថមគាំទ្រវិស័យវប្បធម៌ខ្មែរបន្តទៀត។

ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមក្រុមប្រឹក្សាខេត្តសូមចូលរួមអបអរសាទរ និងគាំទ្រទាំងស្រុងលើវិស័យវប្បធម៌ខ្មែរយើងនេះ ។

ឯកឧត្តមបានបញ្ជាក់ថា សារមន្ទីរគឺជាកន្លែងរក្សាទុកនូវវត្ថុបុរាណ សម្បត្តិវប្បធម៌ជាតិ ហើយក៏ជាទីកន្លែងមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកចូលទស្សនានិងស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរដែលល្បីល្បាញលើឆាកជាតិនិងលើឆាកអន្តរជាតិនិងជាប្រវត្តិសាស្រ្តខ្មែរផងដែរ។

លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា មានប្រសាសន៍ថា សារ:មន្ទីរនិងសាលតាំងពិព័រណ៍ខេត្តបាត់ដំបងគឺជាលក្ខណ:ធំទូលាយលំដាប់ទី២បន្ទាប់ពីសារ:មន្ទីរនៅភ្នំពេញមក។

លោកជំទាវបានបន្តថា រូបសំណាកនានាដែលបានដាក់តាំងនិងជាប្រវត្តិសាស្រ្តជាតិ នៅខេត្តបាត់ដំបងគឺជាបុរេប្រវត្តិនៃវប្បធម៌ខ្មែរ យើងទាំងអស់គ្នាត្រូវស្គាល់និងនាំគ្នាថែរក្សាវត្ថុបុរាណតាំងនៅវត្ថុបុរាណ សម្បត្តិជាតិ ដែលបានបន្សល់ទុកពីដូនតាយើងជំនាន់មុនមក ។

លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថា បើនិយាយពីជំនឿបុរាណកាលបានពោលថា ជនណាបានចូលថែរក្សាវត្ថុបុរាណនិងសម្បត្តិវប្បធម៌ខ្មែរគឺបានបុណ្យកុសលច្រើន តែបើជនណាមកបំផ្លាញសម្បត្តិវប្បធម៌បុរាណខ្មែរជននោះនឹងទទួលអំពើបាបដ៏ធ្ងន់ធ្ងរ។ សារ:មន្ទីរនេះទំរាំបានកសាងនិងជួសជុលហើយត្រូវបានចំណាយពេលវេលានិងថវិកា ដែលមានមិត្តបរទេស ជាអង្គការ មិត្តវប្បធម៌ខ្មែរ FOKCI បានជួយជាថវិកាអស់ជាង២៧ម៉ឺនដុល្លា ហើយសារ:មន្ទីរនេះមិនមែនជារបស់អ្នកណាម្នាក់នោះទេគឺជាសម្បត្តិវប្បធម៌ជាតិយើងទាំងអស់គ្នា។ (មានវីឌីអូរខាងក្រោម)

អត្ថបទទាក់ទង