រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជម្ងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍

ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជម្ងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»
នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សំណេះសំណាលសួរសុខទុក្ខ និងនិងនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជម្ងឺអេដស៍ ១៥០នាក់ ក្នុងឱកាសនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ដែលរស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ និងការនឹករលឹកដល់ប្រជាពលរដ្ឋដែលផ្ទុកនូវជម្ងឺអេដស៍ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន ដោយក្នុងនោះត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី ។ ដោយឡែកសម្រាប់សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ហើយសូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល
និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទាំងអស់ សូមចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ ៕

អត្ថបទទាក់ទង