រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៤ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងឱកាសនោះដែរ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង បានរាយការណ៍អំពីលទ្ធផលការងារ ដែលបានសម្រេចកន្លងទៅជូនដល់ថ្នាក់ដឹកនាំ និងអង្គប្រជុំទាំងមូលផងដែរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់ ។
ឯកឧត្តមបានបន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំធ្វើពិធីដាល់អំបុក និងអកអំបុក នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ដើម្បីអបអរសាទរក្នុងឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដោយរដ្ឋបាលខេត្តនឹងជ្រើសរើសថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដូចនេះសូមមន្រ្ដីរាជការ ប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ដើម្បីចូលរួមរក្សាអត្តសញ្ញាណពិធីដាល់អំបុក និងអកអំបុកនេះ ដល់កូនចៅជំនាន់ក្រោយបានស្គាល់អំពីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់យើង ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលបាត់ដំបង នឹងធ្វើការរៀបចំការដាក់តាំងបង្ហាញម្ហូបអាហារអ្នកបាត់ដំបង រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរខេត្តបាត់ដំបងបានជាប់ជាខេត្តមានការច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហាររបស់អង្គការUNESCO នាពេលកន្លងទៅថ្មីៗ និងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤នាពេលខាងមុខដ៏ខ្លីនេះ ។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋនាំយកផលិលតផលម្ហូបអាហាររបស់ខ្លួនចូលរួមក្នុងការដាក់តាំងពិព័រណនេះឱ្យបានច្រើនកុះករ និងកាន់តែផុសផុលថែមទៀត ដើម្បីលើកកម្ពស់ម្ហូបអាហារអ្នកបាត់ដំបងឱ្យកាន់តែមានភាពល្បីល្បាញ សាកសមជាមួយនឹងខេត្តដែលទើបតែជាប់ក្នុងបញ្ជី ការច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហាររបស់អង្គការUNESCO ៕

អត្ថបទទាក់ទង