រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៧៩គ្រួសារ

នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៧៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំព្រែកហ្លូង ស្រុកឯកភ្នំ ដោយពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តព្រែកហ្លូង ។
ឯកឧត្តម សុខ លូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពនិងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរា និងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។
ឯកឧត្តម សុខ លូ មានប្រសាសន៍ថា “នៅក្នុងភូមិសាស្ត្របាត់ដំបង បានទទួលរងនូវសម្ពាធទាបមានភ្លៀង ធ្វើឲ្យមានជំនន់ភ្លៀងយ៉ាងឆាប់រហ័ស និងមានកម្លាំងទឹកហូរខ្លាំង ដែលធ្វើឲ្យផលប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិ ដំណាំស្រូវ ចម្ការមួយចំនួន របស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសស្រុកឯកភ្នំ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ដែលបានគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការស្នើសុំជំនួយពីសាខាភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់វេលា។
ថ្លែងក្នុងឱកាសនោះឯកឧត្តម បានបញ្ជាក់ថា សព្វថ្ងៃនេះដោយសារការប្រែប្រួលអាកាសធាតុជាសកល បានបង្កឲ្យមានផលប៉ះពាល់ទី១ ផ្នែកកសិកម្ម ទី២ សុខភាពសាធារណៈ ទី៣ គឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ជាតិមួយចំនួនត្រូវបានកាត់ផ្ដាច់ ហើយម្យ៉ាងវិញទៀតក្នុង រយៈពេល ២០ ឆ្នាំចុងក្រោយនេះយើងឃើញថាព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗគឺថាមានទំហំធំហើយញឹកញាប់និងរងគ្រោះធ្ងន់ធ្ងរជាមុន។
សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស,ទឹកត្រី៦ដប,ទឹកស៊ីអ៊ីវ៦ដបផងដែរ។

អត្ថបទទាក់ទង