រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ នៅឯសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់អាជីវករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្តផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់អាជីវករដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីស្វែងយល់បន្ថែមទៀតពីសិក្ខាសាលាដែលកំពុងមាននៅថ្ងៃនេះ ហើយសូមឱ្យមានការខិតខំប្រឹងប្រែងស្ដាប់ និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យកាន់តែជ្រួតជ្រាបបន្ថែមនូវចំណេះដឹងដែលបានបង្ហាញពីសំណាក់គ្រូឧទ្ទេសនៃសិក្ខាសាលានេះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ការលើកកម្ពស់ ការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។
ឯកឧត្តមបានបន្តទៀតថា អំពាវនាវសូមឱ្យប្រជាពលរដ្ឋគាំទ្រដល់ផលិតផលក្នុងស្រុក ដែលយើងកំពុងតែមានសព្វថ្ងៃ ដែលអាជីវករជាម្ចាស់សហគ្រាស ខិតខំកែច្នៃផលិតនូវផលិតផលផ្សេងៗទៀតដែលកំពុងមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ទន្ទឹមនឹងនោះមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ សូមម្ចាស់សហគ្រាសទាំងអស់ខិតខំពង្រឹងទៅលើគុណភាពនៃផលិតផលរបស់ខ្លួន ព្រោះកាលណាដែលផលិតផលរបស់ខ្លួនមានគុណភាពល្អ តម្លៃសមរម្យ ប្រាកដណាស់នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាក់ជាមិនខាន និងមិនត្រូវផលិតនូវផលិតផលណាដែលគ្មានគុណភាព ក្លែងក្លាយ ក្លែងបន្លំឡើយ ៕

អត្ថបទទាក់ទង