រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ ក្នុងស្រុកកំរៀង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ រួម មានគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ និងគ្រួសារងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព ក្រីក្រចំនួន២២គ្រួសារ មកពីភូមិចំនួន១៧ លើឃុំទាំង៦នៃស្រុកកំរៀង ពិធីនេះប្រារព្វធ្វើនៅខាងមុខអគារអនុសាខាស្រុកកំរៀង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង
ឯកឧត្តមបានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍ និងសូមមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានបានជាយថាហេតុណាមួយផងដែរ ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកបរិសុទ្ធ២កេសផងដែរ។

អត្ថបទទាក់ទង