នៅរសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ដែលជំនួបសម្ដែងការគួរសមនេះ នៅឯសាលប្រជុំB១(VIP) សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់លោកជំទាវ Teo Lay Cheng ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា នៅឯទឹកដីខេត្តបាត់ដំបង ។ ឯកឧត្តមបានបន្តទៀតថា ខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ។
ឯកឧត្តម សុខ លូ ក៏បានង្ហាញអំពីគុណភាពដ៏ឈ្ងុយឆ្ងាញ់ ដល់អង្ករកម្ពុជា ដែលកំពុងធ្វើការនាំចេញទៅក្រៅប្រទេស ក្នុងនោះក៏មានដែរនូវដំណាំម្រេចសំឡូត ដែលជាដំណាំមួយមិនសូវមានអ្នកស្គាល់ច្រើនដូចដំណាំម្រេចនៅកំពតឡើយ តែចំពោះដំណាំម្រេចសំឡូតនេះគឺត្រូវបានទទួលការលើកសរសើរអំពីគុណភាព និងរស់ជាតិឆ្ងាញ់មិនចាញ់ដំណាំម្រេចនៅឯខេត្តកំពតឡើយ ។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងពិតជាគួរឱ្យទាក់ទាញខ្លាំងមែនទែន ពិសេសចំពោះសម្រស់អគារបុរាណដែលមាននៅក្នុងខេត្តបាត់ដំបង ដែលជាអគារបន្សល់តាំងពីអាណានិគមនិយមបារាំង ដែលលើកសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែមានភាពចាប់អារម្មណ៍បានមួយកម្រិត ។ លោកជំទាវបានបន្តទៀតថា ជំហ៊ានបន្ទាប់លោកជំទាវ និងក្រុមការងារនឹងបន្តទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ នៅក្នុងទីរួមខេត្តបាត់ដំបង ដើម្បីយល់បន្ថែមអំពីបញ្ហាស្រូវអង្ករនៅក្នុងខេត្តបាត់ដំបង ហើយសង្ឃឹមថាបន្ទាប់ពីទស្សនកិច្ចនេះហើយ អាចមានបន្ថែមនូវការយល់ដឹងអំពីស្រូវអង្ករនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើន នឹងសង្ឃឹមថាអាចនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ទៅប្រទេសសិង្ហបុរីផងដែរ ៕