រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ។

  • 2.2ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រតិភូអមដំណើរក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាជាង៤០០ នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលអាជ្ញាធរខេត្តបាត់ដំបង បានបំពេញនាពេលកន្លងមកជូន សម្ដេក្រឡាហោមផងដែរ ដូចជាស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗដែលគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តបាត់ដំបង ក្នុងអាណត្តិទី២សម្រេចបាន ព្រមទាំងអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្តបាត់ដំបងនិងក្រុមប្រឹក្សាក្រុង ស្រុកនានាក្នុងខេត្តអាណត្តិទី៣នេះ ផងដែរ។

ឯកឧត្តមបន្តថា សមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តបាត់ដំបងសម្រេចបានព្រមទាំងលទ្ធផលនៃការបោះឆ្នោតនាពេលនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេចផងដែរ។

ឯកឧត្ត អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបានឡើងប្តេជ្ញាចិត្តដឹកនាំការងារក្រុមប្រឹក្សាខេត្តអណត្តិថ្មីទី៣នេះ ឲ្យបានល្អប្រសើបន្ថែមទៀតនិងដោយបានបញ្ជាក់ពីអសនៈសរុប២៧របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ គឺមានមកពីគណបក្សប្រជាជនកម្ពុជា ចំនួន២៦រូប និងមកពីគណបក្សហ្វុនស៊ីនប៉ិចចំនួន១រូប ។

សម្តេចក្រឡាហោស ខេងមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា កក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត ។

ដូច្នេះហើយក្រុមប្រឹក្សាខេត្ត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយមិនត្រូវប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡេីង ។

សម្តេចក្រឡាហោមស ខេងបានបញ្ជាក់ថាគណៈបញ្ជាការឯកភាពខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌខេត្តទាំងមូលដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួនជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងសុីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

សម្តេចបានគូសបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជាកន្លងមកមានចំនួន១៥លើកមកហើយដោយស្របតាមគោលការណ៍ច្បាប់ប្រជាធិបតេយ្យសេរីពហុបក្សតាមកាលកំណត់ ត្រឹមត្រូវយុត្តិធម៌ មានតម្លាភាពមានទាំងបោះឆ្នោតព្រឹទ្ធ សភា រដ្ឋសភា និងបោះឆ្នោត (ថ្នាក់វិមជ្ឈការ)ថ្នាក់ក្រោមជាតិមានក្រុមប្រឹក្សារាជធានី ខេត្ត ឃុំ សង្កាត់ជាដើម ។ អង្គបោះឆ្នោតឃុំសង្កាត់ជាកត្តាសំខាន់ណាស់បានដើរតួនាទីកំណត់ទៅដល់ការបោះឆ្នោតផ្សេងៗទៀតរបស់ជាតិទាំងមូល។ សាមឺឌី

អត្ថបទទាក់ទង