រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បានដាក់នូវវិធានការបន្ទាន់ ៦ចំណុច ដើម្បីលើកកម្ពស់សន្តិសុខក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

  • 440
  • ដោយ teavvisal

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់នូវវិធានការបន្ទាន់ ៦ចំណុច ដើម្បីលើកកម្ពស់សន្តិសុខជាទូទៅបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
វិធានការបន្ទាន់ទាំង ៦ចំណុចនោះ រួមមាន៖
១. ដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តមិនអចិន្ត្រៃយ៍តាមដងផ្លូវទូទាំងក្រុង តាមបណ្ដាស្រុកនិងតាមខ្សែរបន្ទាត់ព្រំដែនដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀនដែលជាក្ដីកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ។
២.ត្រួតពិនិត្យហាងបញ្ចាំពិសេសហាងបញ្ចាំគ្មានច្បាប់អនុញ្ញតនិងការទទួលបញ្ចាំបែបប្រពៃណីតាមភូមិ ឃុំដែលងាយនឹងទទួលផលចោរកម្ម ជាទីផ្សាររបស់អំពើ លួច ឆក់ ប្លន់ និងបន្តឈានដល់ការបង្ក្រាបទីតាំងទទួលទិញផលចោរកម្ម ទទួលទិញបំណែកម៉ូតូ ឡាន ( កាប់សាច់ ) នៃផលចោរកម្ម ។
៣. ប្រមូលក្មេងទំនើងគ្រប់ទីកន្លែងតាមគ្រប់រូបភាព គ្រប់ពេលវេលាមិនអោយកើតមានដោយមិនលើកលែងឡើយ ។
៤. ពង្រីកទីតាំងល្បាតចល័តគ្រប់ច្រកល្ហកតាមដងផ្លូវនិងតំបន់នានាដោយកំណត់មុខសញ្ញាបទល្មើសសកម្ម ។
៥. បង្កើនកម្លាំងប្រចាំបញ្ជាតាមអង្គភាពនិងគោលដៅសន្តិសុខដោយបំពាក់សម្ភារៈសន្តិសុខគ្រប់គ្រាន់សម្រាប់អន្តរាគមន៍គ្រប់សភាពការណ៍កើតឡើង ។
៦. បង្កើនការផ្សព្វផ្សាយអប់រំទូលំទូលាយគ្រប់មជ្ឈដ្ឋាន មន្ត្រីរដ្ឋ វិស័យឯកជននិងប្រជាពលរដ្ឋអោយមានការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រឿងញៀនដែលបានបង្កើតកញ្ចប់បទល្មើស (ឧក្រិដ្ឋកម្ម លួច ឆក់ ប្លន់ ហិង្សាសង្គម ក្មេងទំនើង ហិង្សាក្នុងគ្រួសារ) បង្កើតកញ្ចប់ជម្ងឺឆ្លង អេដស៍ កាមរោគ ជម្ងឺឆ្លងតាមឈាមដូចជាជម្ងឺថ្លើមជាដើម និងបង្កើតមនុស្សវិបល្លាសក្នុងសង្គម។
នេះជាការឆ្លើយតបប្រកបដោយឆន្ទៈនិងប្រសិទ្ធភាពចំពោះភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដែលដឹកនាំក្រោមគតិបណ្ឌិតដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង។

អត្ថបទទាក់ទង