រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង  បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចំនួន២០០នាក់ ដែលមកពីសាលាគោលដៅមួយចំនួនរួមមាន វិទ្យាល័យសម្ដេចឪ វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យ នេតយ៉ង់ វិទ្យាល័យជ្រៃ ស្រុកថ្មគោល និងវិទ្យាល័យអន្លង់វិល ស្រុកសង្កែ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ព្រមទាំងក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា និងចូលរួមអប់រំ ផ្សព្វផ្សាយបណ្ដុះស្មារតីនៃវប្បធម៌ចែករំលែកក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងព្យាយាមពង្រឹង និងពង្រីកសមត្ថភាពយុវជន និងបណ្ដាញយុវជនកាន់តែច្រើនជាបន្ដបន្ទាប់ថែមទៀត។

ឯកឧត្តមបានបញ្ជាក់បន្តទៀតថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាឱកាសនេះគឺជាចំណែកថ្មីមួយទៀតក្នុងការពង្រឹងនិងពង្រីកបណ្ដាញយុវជនដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមប្រធានមាន សង្ឃឹមជឿជាក់ថា ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់នឹងបន្ដចែករំលែកនូវចំណេះថ្មីៗដែលខ្លួនមានជូនដល់សិស្សផ្សេងទៀតបានដឹង និងយល់កាន់តែច្បាស់ពីកាកបាទក្រហមកម្ពុជា ជាពិសេសបន្ដគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្ដែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន។

អត្ថបទទាក់ទង