រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជា ស្រុកសំពៅលូន ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនៃកាយរឹទ្ធិជាតិកម្ពុជាចំនួន ៧៥៦នាក់ ដែលមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនានានៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់នវកាយរឹទ្ធិទាំងអស់ ដែលបានធ្វើការសច្ចាប្រណិធាន និងបំពាក់កន្សែងក្លាយជាសមាជិកកាយរឹទ្ធិជាតិកម្ពុជានេះ សូមចាប់ផ្ដើមធ្វើអ្វីៗដែលជួយទៅដល់សង្គមជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយត្រូវធ្វើល្អៗជាមួយមនុស្សជុំវិញខ្លួន គោរពស្រឡាញ់ និងជួយក្នុងការងារបរិស្ថានសណ្ដាប់ធ្នាប់ជាដើម ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមទំពាំងស្នងឫស្សី និងក្នុងនាមជាសមាជិកកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយការខិតខំរៀនសូត្រ ត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន ដោយមិនត្រូវធ្វើការប៉ះពាល់គ្រឿងញៀនដាច់ខាត ព្រោះគ្រឿងញៀនគឺជាសារធាតុពង្វក់ស្មារតីឱ្យខូច ធ្វើឱ្យមនុស្សប្រែក្លាយទៅជាកោងកាច លែងស្ដាប់ឪពុកម្ដាយ បង្កជាភាពអសន្ដិសុខដល់សង្គមជាតិ ហើយមិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យយើងទាំងអស់គ្នាមានការភ័យខ្លាចក្នុងការស់នៅផងដែរ ដោយសារភាពអសន្ដិសុខដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ហើយប្អូនសិស្សានុសិស្សទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ព្រោះអត្រាគ្រោះថ្នាក់ចរាចរណ៍ អត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាសម្រាប់ប្រទេសជាតិយើងជារៀងរាល់ថ្ងៃ ។ ឯកឧត្តមបានបន្តណែនាំដល់សិស្សានុសិស្សដែលជាសមាជិកទាំងអស់ត្រូវអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កាយរឹទ្ធិជាតិកម្ពុជា ឱ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង