រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ស្រុកសំឡូត ខេត្តបាត់ដំបង

  • 3.4ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព និងភូមិសាស្ត្រផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ពីខេត្តបាត់ដំបង ទៅដល់ខេត្តកោះកុងនៅស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្នុងដំណើរការចុះពិនិត្យមើលស្ថានភាព និងភូមិសាស្ត្រផ្លូវ មានការអញ្ជើញចូលរួមពី ឯកឧត្តមទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ។

សូមជម្រាបជូនថា នៅក្នុងដំណើរការចុះពិនិត្យស្ថានភាពផ្លូវ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានពិនិត្យឃើញមានការកាប់ទន្ទ្រានព្រៃឬស្សី ដែលនៅជាប់ផ្លូវគម្រោងស្ថាបនារបស់កងវិស្វកម្មនៃក្រសួងការពារជាតិ នៅតាមក្រវ៉ាត់ព្រំដែន ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ​បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសភូមិ ឃុំ និងរដ្ឋបាលស្រុក កុំធ្វើការឃុបឃិតជាមួយជនខិលខូច ដោយលួចចេញលិខិតបញ្ជាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ ។

លោក កត់ បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានលើកឡើងថា ការកាប់ទន្ទ្រាននេះជាកាប់ទន្ទ្រានព្រៃឬស្សី សរុបប្រហែល ១០០ ហិចតា ដែលជាលក្ខណៈគ្រួសារតូចៗ របស់គ្រួសារកងទ័ព នៅតាមចង្កះភ្នំ និងនៅតាមផ្លូវក្រវ៉ាត់ព្រំដែន ហើយតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត មន្ទីរនឹងរៀបចំស្នើសុំដីកាដកហូត និងណែនាំពួកគាត់ក្នុងផ្លូវច្បាប់ ។

លោកប្រធានមន្ទីរបរិស្ថានបានបន្តទៀតថាចំពោះផ្ទៃដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានដែលមានតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ភ្នំសំកុះ សរុបមានចំនួនប្រមាណ ៥០.០០០ ហិចតា ដោយមានយាមកាមតឹងរឹង និងការឧបត្ថម្ភពីអង្គការ MJP ដូច្នេះមន្ត្រីបរិស្ថានត្រូវធ្វើការល្បាតក្នុង១សប្តាហ៍មានរយៈពេល៤ថ្ងៃ ទៅ ៥ថ្ងៃ ដើម្បីការពារជម្រកព្រៃឈើ និងសត្វព្រៃ ៕

ប្រធានមន្ទីរបរិស្ថានខេត្ត

អត្ថបទទាក់ទង