រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ជំនួបពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង និងគណៈប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយគណៈប្រតិភូដែលជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង
ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគិនមកពីប្រទេសចិន ដើម្បីឱ្យក្រុមវិនិយោគិន ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង និងស្វែងយល់អំពីសក្ដានុពល ក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ ។
ឯកឧត្តមបានបន្តទៀតថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ ៕

អត្ថបទទាក់ទង