រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

នៅព្រឹកថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតាមឃុំ សង្កាត់ សម្រាប់បម្រើឱ្យគោលដៅនៃការអនុវត្តផែនការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ និងបទបញ្ជា នីតិវិធីរបស់ គ.ជ.ប ។
ឯកឧត្តមបានបន្តទៀតថា ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននេះ គឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ដើម្បីរួមគ្នាកសាងនូវបញ្ជីបោះឆ្នោតមួយដែលមានសុក្រិតភាព ប្រកបដោយលក្ខណៈសំខាន់ៗ៣យ៉ាង គឺភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនឹងនេះ ត្រូវពង្រឹងការស្រង់ឈ្មោះអ្នកបោះឆ្នោត ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ដោយឈរលើស្មារតីអព្យាក្រឹត និងផ្អែកលើឯកសារសំអាងត្រឹមត្រូវ ច្បាស់លាស់ តាមគោលការណ៍ណែនាំរបស់ គ.ជ.បនិងក្រសួងមហាផ្ទៃ អនុវត្តតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ានស្មានតាមឃុំ សង្កាត់ ជាពិសេសត្រូវពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមភូមិសាស្រ្ដរបស់ខ្លួន ដែលមាន ប្រជាពលរដ្ឋរួមដែលមានអាយុ១៨ឆ្នាំឡើង ចំនួនអ្នកបោះឆ្នោតដែលត្រូលុបចេញពីបញ្ជីបោះឆ្នោត ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ចំនួន និងទីតាំងការិយាល័យបោះឆ្នោតជាដើម ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីបញ្ជូនមកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងគ.ជ.បតាមពេលវេលាដែលបានកំណត់ ។
យោងសេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជី
ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ឆ្នាំ២០២៣ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ របស់ គ.ជ.ប បន្ទាប់ពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានរួច
គឺជាដំណាក់កាលនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលមានរយៈ
ពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងជម្រាបជូនដំណឹងដល់ប្រជា
ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដែលបានប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ( អ.ខ )ដែល អស់សុពលភាពឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ)បម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ម៉្យាងទៀត អ្នកដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ តាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេល នៃការពិនិត្យបញ្ជីឈ្មោះ និងការការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ឯកឧត្តមបានបន្តទៀតថា ដំណាក់កាលចុងក្រោយ គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ដែលមានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ ការកំណត់អាយុ ១៨ឆ្នាំ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ត្រូវគិតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺអ្នកដែលបានកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦។ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់(កបឃ.ស) ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ៕

អត្ថបទទាក់ទង