រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ (NSWM-PLATFORM)

  • 568
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ ( NSWM-PLATFORM) ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ដែលពិធីប្រារព្ធនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។
ផ្តើមចេញពីបញ្ហាដែលតែងតែកើតចេញពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់បង្កឱ្យមានក្លិនស្អុយ និងផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងខេត្តបាត់ដំបង ហើយដើម្បីទប់ស្កាត់លើផលប៉ះពាល់ទាំងនេះបាននោះ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនតាមប្រព័ន្ធថ្នាលជាតិនៃរដ្ឋបាលក្រុងបាត់ដំបង ក្នុងគោលដៅដល់ការគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរ ស្របតាមគោលការណ៍ប្រមូលឲ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឲ្យទាន់ពេល និងប្រមូលឲ្យមាននិរន្តរភាព ។
លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងតាម ប្រព័ន្ធថ្នាលជាតិ គឺដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជនស្របតាមគោលការណ៍ប្រមូលឲ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឲ្យទាន់ពេល និងប្រមូលឲ្យមាននិរន្តរភាព ។ ការលើកកម្ពស់និងជំរុញការអនុវត្តគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន២០២០ ។ លើកកម្ពស់អនាម័យ បរិស្ថាន សោភ័ណភាព ផាសុខភាព និងសុខុមាលភាព សាធារណៈ ធ្វើឲ្យទីក្រុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ទីក្រុងស្អាត សំដៅទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកវិនិ យោគ ស្នាក់នៅលេងកម្សាន្តនៅក្នុងក្រុងបាត់ដំបង កាន់តែច្រើនថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ត្រៀមខ្លួនសម្រាប់កម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ជាពិសេសរដ្ឋបាលក្រុងបាត់ដំបង ចង់ប្រែក្លាយពីសំរាមដែលធ្លាប់តែគរនៅមុខផ្ទះ និងក្រោយផ្ទះ ឬរយៈពេល២ឬ៣ សប្ដាហ៍មានដង្កូវស្អុយរលួយជះក្លិនមិនល្អ ឲ្យក្លាយទៅជាគ្មានសំរាមនៅមុខផ្ទះ និងក្រោយផ្ទះជារៀងរហូត ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ផ្លាស់ស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា ក្នុងការ ទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្ត ស្នាក់នៅ និងដាក់ទុនវិនិយោគ ធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ។
ឯកឧត្តម បានបន្តទៀតថា ការពិតរឿងសំរាមនេះត្រូវការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយសំរាមនេះបើយើងគិតថារឿងតូចគឺតូច តែបើយើងគិតថា ជារឿងធំគឺយើងឈឺក្បាលដេកមិនលក់នោះទេ ដូច្នេះត្រូវមានការចូលរួមសហការទាំងអស់គ្នា ដើម្បីធ្វើឲ្យក្រុងបាត់ដំបង គ្មានសំរាម ដើម្បីផ្ដល់នូវភាពស្អាត ក្នុងការរស់នៅ និងកំណើនភ្ញៀវទេសចរផងដែរ ។
ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា តាមរយៈនៃការរីកចម្រើនក្នុងកំណើនសេដ្ឋកិច្ច រង្វង់៧%ប្រចាំឆ្នាំ យើងបានប្រែក្លាយប្រទេសជាតិយើងពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប ហើយយើងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ទន្ទឹមនឹង ការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងនោះ បញ្ហាសំរាមសំណល់រឹង ក៏បានក្លាយទៅជាប្រធានបទដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយកំណើននៃការបង្កើនសំរាម សំណល់រឹងក៏មានការកើនឡើងផងដែរ ។
ឯកឧត្តម បានបញ្ជាក់ថា សំរាមបានកើនឡើងដល់៤លានតោនក្នុងមួយឆ្នាំនៅទូទាំងប្រទេសកម្ពុជា ដោយឡែកនៅក្រុងបាត់ដំបង មានប្រមាណ១២០ ទៅ១៤០តោនក្នុងមួយថ្ងៃ ដែលបានកើនឡើងច្រើនធ្វើឲ្យយើងមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាមសំណល់រឹងទាំងអស់នេះ ៕

អត្ថបទទាក់ទង