រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅព្រឹក ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍ដោយលើកឡើងថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលប្រាព្ធពិធីសម្ពោធដាក់ឱ្យដំណើរការនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយ ឯកឧត្តម វេជ្ជបណ្ឌិត កែ ស៊ីនួន និងមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។
ឯកឧត្តម អភិបាលខេត្ត រៀបរាប់បន្ថែមថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៥ហិកតា ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ អស់រយៈពេល ៦ខែ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន ២ខ្នង អគារមានបន្ទប់ដាច់ដោយឡែក ចំនួន ២៣បន្ទប់ អាចទទួលអ្នកញៀនគ្រឿងញៀនស្នាក់នៅ បានចំនួន ៤០០នាក់ ទៅ ៥០០នាក់។
លើសពីនេះ ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ក្រៅពីនេះនៅមានអគារបន្សាប ព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អគារផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម។ ក្នុងទីធ្លាមជ្ឈមណ្ឌលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុង ដាំស្មៅ កន្លែងហាត់កីឡា តារាងបាល់ទាត់ បាល់បោះ បាល់ទះជាដើម។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល ក៏មានគម្រោងសាងសង់អគារស្នាក់នៅបន្ថែមទៀត បើមានតម្រូវការពីអតិថិជនជាជនរងគ្រោះដោយសារគ្រឿងញៀន មកទទួលសេវាព្យាបាល។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋបាលខេត្ត ស្រុក ឃុំ ក៏ដូចជា មន្ដ្រីរាជការគ្រប់ផ្នែក នៅក្នុងខេត្តបាតដំបងទាំងមូល ដែលបានរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍ ក្នុងការថែរក្សានូវសន្ដិសុខ ស្ថិរភាព ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក៏បានខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋផងដែរ។ ទន្ទឹមនេះ សម្ដេចក្រឡាហោម បានចាត់ទុកថា ទាំងនេះ ក៏ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។
ទាក់ទងទៅការងារស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនវិញ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សមត្ថកិច្ច បានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន ហើយជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា សារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំ បានន័យថា «គេយកសារធាតុគីមីផ្សេងៗ បូកបញ្ជូលគ្នា ផលិតជាគ្រឿងញៀន»។
ទន្ទឹមនឹងនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានក្ដីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកកម្ម និងរួមចំណែក ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

អត្ថបទទាក់ទង