នៅព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌល បានលើកឡើងថា សម្រាប់ស្រុករតនមណ្ឌលនេះ ផ្អែកទៅតាមការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ គ្រប់គ្រងដីរដ្ឋ បានអនុញ្ញាតឲ្យភូមិស្តៅ នៃ ឃុំស្តៅ ក្នុងស្រុករតនមណ្ឌល ធ្វើការចុះបញ្ជី មានលក្ខណៈ ជាប្រព័ន្ធ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល មានចំនួន ១៤២៧ ក្បាលដី និងបំពេញ បានសម្រេចតាមលក្ខណៈច្បាប់មានចំនួន១,៣៤៥ក្បាលដី និងបាន កំពុងសិក្សាដើម្បីអនុវត្តនៅភូមិបន្តបន្ទាប់ទៀតនៃឃុំស្តៅ ។ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបាត់ដំបង បានលើកឡើងថា ប្រជាពលរដ្ឋ លោក មេភូមិ ព្រឹទ្ធាចារ្យ និងលោកមេឃុំបានចូលរួមយ៉ាងសកម្ម ក្នុងការងារអនុវត្តគម្រោងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះគាត់បានមកពិនិត្យបញ្ជីឈ្មោះ និងប្លង់សុរិយោដី ព្រមទាំងបានដាក់ពាក្យសុំកែតម្រូវផងដែរ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ ត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះគឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ ។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន ។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម ។
ក្នុងនោះឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមធ្វើការចូលរួមបោះឆ្នោតឱ្យបានទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញជាកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋ និងជ្រើសរើសអ្នកតំណាងដែលមកពីគណបក្សដែលខ្លួនស្រឡាញ់ ដោយក្នុងនោះពេលត្រឡប់ទៅគេហដ្ឋានវិញសូមធ្វើការត្រួតពិនិត្យឯកសាររបស់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ហើយបើសិនជាបាត់អត្តសញ្ញាណប័ណ្ណ សូមរួសរាន់ដើម្បីធ្វើ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឱ្យបានមុនថ្ងៃ២១ខាងមុខនេះ ទើបយើងមានសិទ្ធិចូលរួមបោះឆ្នោតនាពេលខាងមុខនេះផងដែរ ៕