រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២៣ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 228
  • ដោយ teavvisal

នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីរុក្ខទិវា ៩កក្កដា ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ ។
បើតាមលោកអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានលើកឡើងថា ទីតាំងដាំកូនឈើនាពេលនេះ គឺនៅសងខាងប្រឡាយដូនទាវ ដែលមានប្រវែង៦,០០០ម៉ែត្រ ចាប់ពីស្ពានដូនទាវ រហូតទៅដល់មុខប្រាសាទឯកភ្នំ ដោយកាលដើមឡើយប្រជាពលរដ្ឋបានចាប់តាំងលំនៅ និងដាំដំណាំហូបផ្លែផ្សេងៗជាច្រើន លុះដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានផ្ដល់ទំនប់ស្ទាក់ទឹកមួយកន្លែង និងប្រឡាយបេតុង២ខ្សែ សម្រាប់នាំទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ និងធ្វើការដោះស្រាយប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយនេះ ដោយផ្ដល់ដីជូនពួកគាត់ទៅនៅកន្លែងផ្សេង
ហើយដើម្បីថែរក្សាដីសាធារណៈរបស់រដ្ឋនេះឱ្យបានគង់វង្ស និងរៀបចំឱ្យមានសោភ័ណភាព កាន់ស្រស់ស្អាត ទើបរដ្ឋបាលស្រុកឯកភ្នំ ស្នើដល់រដ្ឋបាលខេត្តបាត់ដំបង រៀបចំដាំកូនឈើដើម្បីទុកជាទ្រព្យសម្បត្តិដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់អំពីប្រភេទដើមឈើប្រណិតទាំងអស់នេះ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ចាត់តាំងឱ្យរាជធានី ខេត្ត រៀបចំពិធី រុក្ខទិវា នេះជារៀងរាល់ឆ្នាំផងដែរ ។ ឯកឧត្តមបានបន្តទៀតថា រុក្ខទិវានេះ គឺជារឿងដែលសំខាន់បំផុតសម្រាប់បច្ចុប្បន្ន ដោយសារតែឥឡូវនេះមានការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរជាពិសេសគឺបណ្ដាប្រទេសជឿនលឿន ដែលបណ្ដាលឱ្យមានគ្រោះធម្មជាតិកើតជាឡើងជារឿយៗ ហេតុដូចនេះហើយទើបយើងត្រូវការដាំដើមឈើឡើងវិញ ដើម្បីចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាកាត់បន្ថយគ្រោះធម្មជាតិផ្សេងៗ ដោយឡែកសម្រាប់ឆ្នាំនេះ មាន៥,៦០០កូនឈើ ដែលក្នុងនោះមានជាប្រភេទដើមឈើប្រណិត មានដើមក្ងោក គគីរជាដើម ។
ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដាំដើមឈើប្រណិត ដូចជាដើមឈើបេង ដើមធ្នង់ គ្រញូងជាដើម ដើម្បីទុកដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទដើមឈើប្រណិតៗដែលយើងមាន ហើយជាពិសេសគឺដើមឈើទាំងអស់នោះមានសភាពរឹងមាំជាងដើមឈើលំអរផ្សេងៗទៀត ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង ក៏មានគម្រោងក្នុងការពង្រីកផ្លូវពីក្រុងបាត់ដំបង ទៅទីរួមស្រុកបាណន់ ដោយមានការរៀបចំជាផ្លូវកង់ និងអមដោយដើមឈើប្រណិតៗជាដើម ក្នុងនោះដែរមិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋបាលខេត្តក៏គ្រោងនឹងរៀបចំផ្លូវក្នុងក្រុងណាមួយជាគំរូបន្ថែមទៀតដោយមានផ្លូវដើរ ផ្លូវជិះកង់ និងការដាំដើមឈើប្រណិតៗបន្ថែមទៀត ដើម្បីលើកសោភ័ណភាពទីក្រុងបាត់ដំបងឱ្យកាន់តែស្រស់ស្អាត ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យធ្វើការដាំដើមឈើប្រណិតៗបន្ថែមទៀតនៅភូមិសាស្រ្ដរបស់ខ្លួន ហើយនិងដាំដើមឈើសម្រាប់លំអរផ្សេងៗទៀត ដូចជាដើមក្ងោកជាដើម ដោយត្រូវដាំទៅតាមទីតាំងកំណត់ណាមួយជាក់លាក់ផងដែរ ៕

អត្ថបទទាក់ទង