ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ១២បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍ឱ្យដឹងថា អគារសិក្សាថ្មីដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានដំណើរការសាងសង់ កាលពីខែកក្កដា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់កាលពីអំឡុងពាក់កណ្ដាល ឆ្នាំ២០២៣នេះ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ១៦ម៉ឺន ២ពាន់ដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តាមរយៈ សម្ដេចក្រឡាហោម ស ខេង និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានសាមគ្គីគ្នាគាំទ្រ និងអភិវឌ្ឍន៍ស្រុកបាណន់។
សម្ដេចក្រឡាហោម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្រ និងវឌ្ឍនភាពសង្គម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គពិធីអំពីស្នាដៃរបស់រាជដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដូចជាការថែរក្សាសុខសន្តិភាព និងការពាររាល់សមិទ្ធផលជាតិ, ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពកម្មករនិយោជិត, និងការអនុវត្តនយោបាយការបរទេសជាដើម។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕