រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង ស្ថិតក្នុងអនុវិទ្យាល័យព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ស្ថិតក្នុងអនុវិទ្យាល័យព្រែកនរិន្ទ ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។
ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង លោកអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់ លោកអភិបាលស្រុក បានលើកឡើងថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះ បានចំណាយថវិកាសរុបចំនួន ២០០,០០០ដុល្លារ ហើយថវិកាដែលបានចំណាយនេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន របស់ក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ សម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឯកភ្នំ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកឯកភ្នំ។
នាឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង បានណែនាំដល់សមត្ថកិច្ច ត្រូវខិតខំធ្វើអំពើល្អក្នុងសង្គម ត្រូវរួមគ្នាពង្រឹងយុត្តិធម៌សង្គម ខិតខំលើកកម្ពស់ការបម្រើសេវាសាធារណៈ និងដោះស្រាយសំណើ សំណូមពរនូវសេចក្ដីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមិនមានការរើសអើង។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អត្រឹមត្រូវ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង