រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អង្គការអភិវឌ្ឍន៍សហគ្រាសទឹក និងអនាម័យកម្ពុជា (Water Shed) បើកវគ្គបណ្តុះបណ្តាលការអប់រំភាពជាអ្នកដឹកនាំលើកទី៤ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅនៃគម្រោងក្រោមអធិបតីភាព ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពពីធីបើក វគ្គបណ្តុះបណ្តាលការអប់រំភាពជាអ្នកដឹកនាំលើកទី៤ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅនៃគម្រោងរបស់អង្គការអភិវឌ្ឍន៍សហគ្រាសទឹក និងអនាម័យកម្ពុជា (Water Shed) នៅសណ្ឋាគារខេមរា១ បាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួម មានចំនួន ៣ ខេត្ត គឺខេត្តកំពង់ឆ្នាំង ប៉ៃលិន និងខេត្តបាត់ដំបង ដែលសមាសភាពចូលរួមមាន ឯកឧត្តម អភិបារងខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅនៃខេត្តទាំងបី ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអភិវឌ្ឍន៍សហគ្រាសទឹក និងអនាម័យកម្ពុជា (Water Shed) ដែលតែងតែរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជាទៀតទាត់ ក្នុងការពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ គោលដៅទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែ រីកចម្រើន ក្នុងនោះផ្តោតសំខាន់លើវិស័យអនាម័យ ។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានសំណូមពរដល់គ្រូឧទេ្ទស មេត្តាខិតខំយកអស់ថាមពល ពុទ្ធិ បទពិសោធន៍ ដើម្បីបានផ្ទេរនូវរាល់ចំណេះដឹង សមត្ថភាព ទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ តាមរយៈ  ការជ្រើសយកប្រធានបទសំខាន់ៗ ដែលបានរៀបចំឡើងនេះ ជាពិសេសការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងជ្រើសរើស អ្នកដឹកនាំគំរូក្នុងការទទួលបានមេដាយសំរឹទ្ធ មេដាយប្រាក់ និងមេដាយមាស ស្របទៅតាមការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សានីមួយៗ សម្រេចឱ្យបានតាមសូចនាករ ដែលបានដាក់ចេញក្នុងការដណ្តើមយកពាន  រង្វាន់មេដាយ ក្នុងភាពជាអ្នកដឹកនាំរបស់គម្រោង ។

ឯកឧត្តមគ៏បានផ្តាំផ្ញើដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានពេញម៉ោង    កុំឱ្យអវត្តមាន ហើយខិតខំត្រង់ត្រាប់ស្តាប់ កត់ត្រាបទឧទេ្ទសនាម និងសាកសួរបញ្ជាក់នូវចំណុចទាំងឡាយណាដែលមិនទាន់ច្បាស់លាស់ ដើម្បីឱ្យយល់ច្បាស់កុំឱ្យមានស្រពិចស្រពិល ព្រមទាំងយកទៅចាត់ចែងអនុវត្តទទួលបាន ប្រសិទ្ធភាពខ្ពស់ ។

អត្ថបទទាក់ទង