រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលពីឆ្នាំ២០១៩-២០២១

  • 1.3ពាន់
  • ដោយ SokMean

ឯកឧត្តម ងួន រតនៈ គណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យឆ្លង និងអនុម័តលើសេចក្តីព្រាងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល (ឆ្នាំ២០១៩ដល់ឆ្នាំ២០២១) របស់ខ្លួន កាលពីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។ កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈជំហានសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋាននៃការកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៩-២០២១)របស់ខេត្តបាត់ដំបង ដោយផ្អែកលើផែនការអភិវឌ្ឍខេត្ត រយៈពេល៥ឆ្នាំ(២០១៥-២០១៩)។ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត (២០១៨-២០២០) និងពីស្ថានភាពរបស់ខេត្ត នាពេលបច្ចុប្បន្ន (២០១៧) ដូចជា៖ ធនធាន និងឱកាស និងពីតម្រូវការចាំបាច់ និងបន្ទាន់របស់ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តបាត់ដំបង។ សូមបញ្ជាក់ថា សមាសភាពក្រុមការងារនៃផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត រួមមាន៖ ឯកឧត្តម ងួន រតនៈ ជាប្រធាន ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាអនុប្រធាន លោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្ត ជាសមាជិកអចិន្ត្រៃយ៍ ។ ក្នុងឱកាសនោះដែរ លោក អ៊ីវ កុសល បានគូសបញ្ជាក់ ដោយចែកចេញជា៣ជំពូក ក្នុងនោះ ជំពូកទី១)ស្ថានភាព សេដ្ឋកិច្ច និងសង្គម ជំពូកទី២)គម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងជំពូកទី៣)ការតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តបាត់ដំបង។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារកន្លងមក  ដើម្បីធ្វើឲ្យកិច្ចដំណើរការនៅក្នុងជំហាននៃការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលខេត្ត លើកយកមកពិភាក្សាត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងនៅពេលនេះ។ ឯកឧត្តមអភិបាលខេត្ត បានតឿនក្រើនរំលឹកដល់បណ្តាមន្ទីរ រដ្ឋបាលស្រុក និងមន្ត្រីជំនាញ ទទួលបន្ទុកពាក់ព័ន្ធកិច្ចការទាំងនេះ ត្រូវតែពង្រឹងនូវសមត្ថភាព ភាពជាម្ចាស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ ត្រឹមត្រូវ ច្បាស់លាស់ នៅក្នុងភារកិច្ចការងារ តួនាទីចំពោះមុខរបស់ខ្លួន។ ជាពិសេសលើការងារកសាងផែនការឆ្នាំនេះ ដែលខុសពីបណ្តាឆ្នាំមុនៗកន្លងទៅ ដោយសារតែបញ្ហាមិនស៊ីសង្វាក់គ្នា រវាងផែនការថវិកា និងផែនការវិនិយោគរបស់បណ្តាអង្គភាពនីមួយៗកន្លងមក៕ 

អត្ថបទទាក់ទង