ព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុនកុម៉ាត់ស៊ុ (KOMATSU ) ប្រទេសជប៉ុន និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលដឹកនាំដោយលោក NAGIRA Atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU Ltd., នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
ក្នុងជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ សាលាខេត្តបាត់ដំបង ។
ក្នុងជួបនេះផងដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានមានមិតិស្វាគមន៍ចំពោះគណៈប្រតិភូតំណាងក្រុមហ៊ុនកុម៉ាត់ស៊ុ (KOMATSU ) ប្រទេសជប៉ុន និងតំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកដល់ខេត្តបាត់ដំបង ។
លោក SHIMOZONO Nobuyoshi ទីប្រឹក្សាគម្រោងបច្ចេកទេសអង្គការ JMAS បានធ្វើបទបង្ហាញអំពីគម្រោង (SVC) មួយចំនួនដែល JMAS បានសហកាជាមួយអង្គការ CMAC បានអនុវត្តកន្លងមកក្នុងខេត្តបាត់ដំបង ដែលចាប់តាំងពីឆ្នាំ២០០៨ ហើយគម្រោងទាំងនេះ ជាជំនួយរបស់ក្រុមហ៊ុនផលិតគ្រឿងចក្រ កុម៉ាត់ស៊ុ (KOMATSU ) ប្រទេសជប៉ុន មានដូចជា ការបោសសម្អាតមីន កសាង និងជួសជុលផ្លូវថ្នល់ កសាងសាលារៀន ស្រះទឹក អណ្តូងទឹក ជាដើម ។
បន្ទាប់មកទៀត លោក NAGIRA Atsushi អ្នកគ្រប់គ្រងទូរទៅក្រុមហ៊ុន KOMATSU ដែលជាម្ចាស់ជំនួយផ្ទាល់ បានធ្វើបទបង្ហាញនូវគម្រោងថ្មីមួយថែមទៀត ដែលផ្តោតលើវិស័យកសិកម្ម ដោយជួយផ្តល់គ្រឿងចក្រ និងបច្ចេកទេសក្នុងការកៀពង្រាបដីឲ្យស្មើ និងគ្រឿងចក្រសម្រាប់ឈួសឆាយដី ដោយគម្រោងនេះនឹងត្រូវអនុវត្តន៍ក្នុងខេត្តបាត់ដំបង ហើយវាក៏បានឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាកសិករ ក្នុងការធ្វើឲ្យដីរាបស្មើស្រួលធ្វើស្រែទៀតផង ។ ហើយលោកក៏បានបន្តទៀតថា គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២០ ដោយសហការជាមួយអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ។ ហើយក្រៅពីនេះក៏មានជួយធ្វើប្រឡាយតូចៗ (ប្រឡាយជើងក្អែប) ឲ្យពលរដ្ឋផងដែរ ប៉ុន្តែគម្រោងនេះ ជួយតែកសិករណា ដែលគ្មានលទ្ធភាពជួលគេឲ្យឈូសដីតែប៉ុណ្ណោះ ។
លោក NAGIRA Atsushi បន្ថែមថា ដើម្បីឲ្យគម្រោងនេះអនុវត្តន៍បានដោយរលូន ស្នើសុំដល់អាជ្ញាធរខេត្តរកទីតាំងដីស្រែមានសណ្ឋានខ្ពស់ទាប ដើម្បីឲ្យក្រុមហ៊ុនយកគ្រឿងចក្រទៅកៀពង្រាបដី ប៉ុន្តែក៏ត្រូវដោះស្រាយជាមួយពលរដ្ឋ នៅពេលអនុវត្តន៍កន្លែងណាមុន និងជំរុញដល់អាជ្ញាធរខេត្តសហការជាមួយអង្គការ JMAC ដើម្បីដាក់សំណើឲ្យបានលឿន ក្នុងការអនុវត្តន៍គម្រោងនេះ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន KOMATSU និងអង្គការ JMAS របស់ជ៉ុន និងសម្ដែងនូវការគាំទ្រចំពោះគម្រោងនេះ ដែលវាបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិករផលិតស្រូវ ឲ្យស្របតាមផែនការ ក្នុងការមានស្រូវគ្រប់គ្រាន់ ដើម្បីកិននាំយកទៅលក់ក្រៅប្រទេស ព្រោះការធ្វើឲ្យស្រែរាបស្មើគ្នានេះ ក៏ជាចំណុចមួយ ក្នុងការផលិតស្រូវឲ្យបានគ្រប់គ្រាន់ផងដែរ ។
ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានបន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង នឹងជំរុញដល់មន្ទីរពាក់ព័ន្ធសហការជាមួយអង្គការ JMAS រកទីតាំងស្របណាមួយដើម្បីអនុវត្តន៍គម្រោងនេះ ដោយទីតាំងនោះ ពេលអនុវត្តន៍ទៅទទួលបានលទ្ធផលល្អ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គការ JMAS ដែលមានគោលបំណងជួយអភិវឌ្ឍន៍វិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបងឲ្យមានភាពល្អប្រសើរឡើងនេះ ។
គួរបញ្ជាក់ថា គម្រោងនាំយកគ្រឿងចក្រមកកៀពង្រាដីស្រែពលរដ្ឋនេះ គឺជាជំហ៊ានទី៣របស់ក្រុមហ៊ុន KOMATSU ដែលបច្ចុប្បន្នក្រុមហ៊ុន បានចូលរួមជាមួយរដ្ឋាភិបាលជប៉ុន ជួយផ្ដល់ជាគ្រឿងចក្រទំនើបៗសម្រាប់ដោះមីនមកកម្ពុជា ដើម្បីធ្វើការបោសសំអាតមីន ហើយតំបន់ណាបានដោះមីនរួច ក្រុមហ៊ុនក៏បានជួយធ្វើផ្លូវ និងសាលារៀនជាបន្តបន្ទាប់ផងដែរ ៕ ប៊ុនថុល