នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនិងការយល់ដឹងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក អំពីបែបបទ និងនីតិវិធីក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក នៅរដ្ឋបាលក្រុង ស្រុក ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រក្រយានយន្ត និងទោចក្រក្រយានយន្តសណ្តោងរ៉ឺម៉ក ការគ្រប់គ្រងនិងចុះបញ្ជីការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត សុវត្ថិភាពដរ
ចម្លង និងនីតិវិធីនៃការចុះបញ្ជីជលយាន នៅច្រកចេញចូលតែមួយរដ្ឋបាលរាជធានី-ខេត្ត។
ឯកឧត្តមបានបន្តទៀតថា ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការត្រៀមខ្លួនឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាការវិវត្តន៍ឥតឈប់ឈរនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើបរិវត្តកម្មឌីជីថល (ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធ
ឌីជីថល) គឺជាកិច្ចការអាទិភាព ដែលត្រូវគិតគូរ និងរៀបចំឡើងដោយផ្អែកលើតម្រូវការជាក់ស្ដែង
សក្តានុពល ធនធាន និងសមត្ថភាពរបស់ស្ថាប័ននីមួយៗ។ ឯកឧត្តមបានបញ្ជាក់បន្តថា វិធានការគោលនយោបាយជាក់លាក់ជាច្រើននឹងត្រូវបានគិតគូរ និងដាក់ចេញ ដែលផ្តោតជាសំខាន់លើការកសាងមូលដ្ឋានគ្រឹះចំនួនពីរ៖ ទី១, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល (ការតភ្ជាប់ឌីជីថល ហេដ្ឋរចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ឡូជីស្ទីក និងការដឹកជញ្ជូនគោលដៅចុងក្រោយ) និងទី២. ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល (ក្របខ័ណ្ឌច្បាប់ប្រកបដោយភាពឆ្លើយតប ប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល)។ ឯកឧត្តមបានបន្តថា ទន្ទឹមនេះ សម្រាប់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) ដែលមានសមាសភាគសំខាន់ៗចំនួន៥សម្រាប់
អនុវត្តកម្មវិធីជាតិនេះ ក្នុងនោះសម្រាប់លទ្ធផលរំពឹងទុកនៃសមាសភាគទី៥របស់កម្មវិធីជាតិនេះ ក៏ បានកំណត់ឱ្យមានការកែលម្អ និងពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវា
រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការផ្តល់សេវាកាន់តែមានភាពសាមញ្ញ ងាយស្រួល មានប្រសិទ្ធភាព និងមានតម្លាភាព តាមរយៈការរៀបចំ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវា ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។
ឯកឧត្តម សួន រចនា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការគណៈកម្មការដឹកនាំកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា យើងបានរៀបចំអង្គសិក្ខាសាលានេះបានចំនួន២លើករួចមកហើយ ដែលបានប្រារព្ធធ្វើនៅខេត្តកំពង់ចាម និងខេត្តកំពត មានការចូលរួម សមាសភាពមកពីបណ្ដាខេត្តចំនួន១៣ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល កំពង់ធំ ព្រះវិហារ កំពត រាជធានីភ្នំពេញ កំពង់ស្ពឺ កោះកុង ព្រះសីហនុ តាកែវ និងខេត្តស្វាយរៀង និងមានរដ្ឋបាលស្រុកគោលដៅចំនួន៨៤
កំពុងអនុវត្តមុខងារ សរុបអ្នកចូលរួម២១៨ នាក់ ដោយឡែកអង្គសិក្ខាសាលានាព្រឹកនេះជាការៀបចំលើកទី៣
មានការចូលរួម សមាសភាពមកពីបណ្តាខេត្តចំនួន១០ គឺមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តមណ្ឌគិរី និងមានរដ្ឋបាលស្រុក គោលដៅចំនួន៤៩ សរុបអ្នកចូលរួម១៩២ នាក់។ ឯកឧត្តមបន្តទៀតថា កម្មវិធីនេះត្រូវបានចូលរួមធ្វើបទបង្ហាញពីមន្ត្រីជំនាញ ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ផងដែរ។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល
ធ្វើបច្ចុប្បន្នភាព ដល់មន្ត្រីអនុវត្តមុខងារផ្ទាល់នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពគុណភាព គណនេយ្យភាព និងតម្លាភាព៕