រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ស្រុកសំឡូត

នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន៣,៤១២រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំឡូត ដែលជាអតីតទឹកដីសមរភូមិសង្គ្រាមចុងក្រោយមួយ សម្រាប់ការខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏មានប្រសាស្ត្របន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពី មន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងនោះរួមទាំងក្នុងស្រុកសំឡូតផងដែរ ដែលធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ និងរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។
សម្ដេចក្រឡាហោម បានលើកឡើងថា សមិទ្ធផលនានា ដែលកើតចេញពីមូលដ្ឋាននៃការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាព ក្នុងនោះមានដូចជាការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការរៀបចំការបោះឆ្នោតជាទៀងទាត់ ការដាក់ចេញគោលនយោបាយពង្រឹងសេដ្ឋកិច្ចជាតិ ធានាការផ្ដល់សេវាសាធារណៈ និងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះក៏មានការអភិវឌ្ឍធនធានមនុស្ស ផ្លូវគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធធារាស្ត្រ និងការតបណ្ដាញអគ្គិសនីជាដើម។
ក្រៅពីនេះ សម្ដេចក្រឡាហោម បានំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាថែរក្សាការពារសុខសន្តិភាពជាអាទិភាព ដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខ សណ្ដាប់សាធារណៈ និងការបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ច។ សម្ដេចក៏បានស្នើឱ្យបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញាចិត្តរួមគ្នាធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថិរភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា។

អត្ថបទទាក់ទង