រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀល និងការកែសម្រួលផ្ទៃដីតំបន់៣ នៅស្រុក សង្កែ ថ្មគោល ឯកភ្នំ មោងឫស្សី

  • 251
  • ដោយ teavvisal

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណសាលាស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សម្រាប់ស្រុកមោងឫស្សីនេះផងដែរ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែក្នុងតំបន់៣មានចំនួន៥ឃុំ គឺឃុំឫស្សីក្រាំង ឃុំជ្រៃ ឃុំតាលាស់ ឃុំកកោះ ឃុំព្រៃតូច រដ្ឋបាលឃុំ រដ្ឋបាលស្រុក ស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាបព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ ១,៣២៦.១ ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន១៧១គ្រួសារ
កែសម្រួលតំបន់២មកព្រំតំបន់១ មានទំហំផ្ទៃដីសរុប៩៨៧.៩៥ហិកតា ស្មើនឹង១,៥៧៣ក្បាលដី មានចំនួន​គ្រួសារ ១,២០៩គ្រួសារ ហើយរដ្ឋបាលស្រុកគ្រោង​នឹងធ្វើពិធី​ប្រកាសតំបន់​វិនិច្ឆ័យចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ មានចំនួន៥ទីតាំង ដូចតទៅ៖ ១.ភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ២.ភូមិដូនទ្រី ឃុំជ្រៃ ៣.ភូមិទួលសាករ ឃុំតាលាស់ ៤.ចំណុចទួលសាករត្របែក ភូមិទួលព្រំ២ ឃុំកកោះ ៥.ចំណុចបាសឹង ភូមិថ្មី ឃុំព្រៃតូច ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាមេឃុំ អភិបាលស្រុក រហូតដល់ខេត្ត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិនិត្យកិច្ចការនេះឡើងវិញ ក្នុងបំណង់ចង់ឱ្យប្រជាពលរដ្ឋ ដែលអាស្រ័យផលប្រើប្រាស់យូរហើយ អាចអាស្រ័យផលប្រើប្រាស់បានលើដីតំបន់៣នេះ បន្ទាប់មកក្រុមការងាររបស់ខេត្ត ក៏បានចុះពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ដែលរហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យលេខ៩០ ដើម្បីកាត់ឆ្វៀលដីចំនួន៤ស្រុក មានស្រុកថ្មគោល សង្កែ មោងឫស្សី និងស្រុកឯកភ្នំ ក្នុងតំបន់មួយចំនួនដែលប្រជាពលរដ្ឋធ្លាប់រស់នៅយូរហើយក្នុងតំបន់៣នោះ ដូចជាកោះជីវាំង ព្រៃចាស់មួយចំនួនគឺឱ្យកាត់ឆ្វៀលជាភូមិកររបស់គាត់ ជាតំបន់១ ជាកម្មសិទ្ធិ ហើយដីរបស់ប្រជាពលរដ្ឋអាស្រ័យផលយូរហើយនៅក្នុងតំបន់៣ មិនឱ្យជាកម្មសិទ្ធិទេ ប៉ុន្តែកាត់ឆ្វៀលអាចប្រើប្រាស់អាស្រ័យផលបាន ។
ឯកឧត្តម បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅសម្រាប់ប្រជាពលរដ្ឋ ឬក៏មានឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣ម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ដោយឡែកសម្រាប់មន្រ្ដីអនុវត្តច្បាប់ក៏ដូចគ្នាដែរ គឺត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងជាទីបំផុត ព្រោះថា បើមិនធ្វើការរឹតបន្តឹងច្បាប់ និងតាមរកអ្នកដែលបំផ្លិចបំផ្លាញដីតំបន់៣នេះទៀត នោះ មច្ឆជាតិនៅបឹងទន្លេសាបនឹងត្រូវបាត់បង់បន្ដិចម្ដងៗ ហើយបឹងទន្លេសាបនឹងកាន់តែរួមតូចទៅៗធ្វើឱ្យបាត់បង់ផលប្រយោជន៍ជាតិជាធំ ដែលជាសម្បត្តិធម្មជាតិដ៏ល្អឥតខ្ចោះរបស់ប្រទេសជាតិ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានធ្វើការគិតគូរដល់ប្រជាពលរដ្ឋ ធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ នេះជាយូរណាស់មកហើយ ដើម្បីសម្រួលព្រំដីតំបន់៣មកជាតំបន់២ និងតំបន់២មកជាតំបន់១ ដើម្បីបង្កលក្ខណៈដ៏ប្រសើរដល់ជូនប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង