នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក សាខាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (ធ.ស.ក) ជាធនាគារគោលនយោបាយ ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ។ ជាមួយគ្នានេះដែរ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន និងបម្រើសេចក្ដីត្រូវការរបស់អតិថិជន ដែលត្រូវការប្រើប្រាស់សេវាធនាគារឱ្យបានកាន់តែទូលំទូលាយ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក បានបង្កើតសាខានៅខេត្តបាត់ដំបង និងបានរៀចំទីតាំងការិយាល័យសម្រាប់ដាក់ឱ្យដំណើរការប្រតិបត្តិការរួចរាល់ផងដែរ ។